(ប៉េកាំង)៖ យន្តហោះចម្បាំងចុងក្រោយរបស់ចិន ដែលផលិតនៅក្នុងស្រុកម៉ូដែល J-20 steath fighter ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន នៃកងយន្តហោះចម្បាំងហើយ ដើម្បីបំពេញការងារទៅតាមមុខនាទីដែលបានកំណត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ហ្សេន ជីងកេ (Shen Jinke) អ្នកនាំពាក្យ កងកម្លាំងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានថ្លែងកាលពីពេលថ្មីៗនេះថា «វាបានសបញ្ជាក់ឲ្យឃើញ អំពីជំហានដ៏សំខាន់សម្រាប់យន្តហោះចម្បាំង J-20 ដែលមានសមត្ថភាពប្រយុទ្ធដ៏ទូលំទូលាយបំផុត។ អ្វីដែលត្រូវធ្វើបន្ត គឺយើងនឹងធ្វើការបង្វឹកអាកាសយានិក ឲ្យមានជំនាញប្រើប្រាស់យន្តហោះប្រភេទនេះ ប្រកបដោយប្រសិទ្ធភាព»។
គួរបញ្ជាក់ថា ប្រទេសចិនបានបញ្ចេញយន្តហោះចម្បាំងខាងលើនេះ ស្ថិតនៅក្នុងគោលដៅពង្រឹងសមត្ថភាពការពារ ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងបង្កើនសមត្ថភាពនៅក្នុងការប្រយុទ្ធ គ្រប់កាលៈទេសៈផងដែរ។ J-2០ គឺជាយន្តហោះចម្បាំងរយៈចម្ងាយឆ្ងាយ កម្រិតមធ្យមរបស់ចិនជំនាន់ទី ៤ ដែលបានចាប់ផ្តើមធ្វើតេស្តសាកល្បងតាំងតែពីឆ្នាំ២០១១ និងត្រូវបានយកទៅសម្តែងសមត្ថភាពជាសាធារណៈរួចមកហើយ នៅក្នុងពិព័រណ៍អាកាសចរ នាខេត្តក្វាងទុង កាលពីខែវិច្ឆិកា ឆ្នាំ២០១៦៕