(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានលើក​ឡើងថា ទំនាក់ទំនង​អាមេរិក-ចិន មានសារសំខាន់​ខ្លាំង​ក្រៃ​លែង ហើយទីក្រុង​វ៉ាស៊ីនតោន​ស្ម័គ្រចិត្ត​ជានិច្ច ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​​ប្រទេសចិន ក្នុងគោលបំណង​​លើកកម្ពស់​ចំណង​ទ្វេភាគី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១០​ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានធ្វើការ​អត្ថាធិប្បាយ​បែបនេះ ក្នុងឱកាស​នៃការទទួលជួប​របស់លោក ជាមួយ​​​​​​ប្រធាន​ក្រុម​ប្រឹក្សា​​រដ្ឋ​មកពី​ប្រទេស​​​ចិន​ លោក យ៉ាង ជាឈី (Yang Jiechi) នៅឯ​បន្ទប់ Oval Office របស់​សេតវិមាន។ ដោយ​និយាយថា ដំណើរទស្សនកិច្ច​ផ្លូវរដ្ឋរបស់​លោក ទៅកាន់​ចិន​កាលពី​ខែវិច្ឆិកាឆ្នាំទៅ គឺជាជោគជ័យ​ដ៏ធំសម្បើមមួយ លោក ត្រាំ បានយល់​ស្របថា ភាគីទាំងពីរ​គួរតែអនុវត្ត​ន៍ឲ្យ​ពេញ​លេញ​នូវ​​​កិច្ច​​ព្រមព្រៀង ដែលសម្រេច​បានដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ហើយនិង​រូបលោកកាលពី​ជំនួប នៃ​មេដឹក​នាំ​​ទាំង​ពីរ នៅ​ឯទីក្រុង​ប៉េកាំង។

គួរ​ជម្រាប​ថា ​លោក Yang Jiechi បានបំពេញ​ទស្សនកិច្ច​រយៈពេល ០២ថ្ងៃ មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​ក៏បាន​ជួបជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក រ៉ិច ធីល្លឺសុន (Rex Tillerson) ផងដែរ៕