BREAKING NEWS: លោក មូន ជែអ៊ីន បើកពិភាក្សាផ្ទាល់ជាមួយប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង រួមមានប្រធានសភា, ប្អូនស្រី លោក គីម ជុងអ៊ុន និងមន្ត្រីកំពូលៗឯទៀត!
10-02-2018 09:41
(សេអ៊ូល)៖ នាថ្ងៃសៅរ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបើកកិច្ចជំនួបពិភាក្សាមួយ ជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសកូរ៉េខាងជើង ដែលដឹកនាំដោយប្រធានសភា លោក គីម យ៉ុងណាំ ព្រមទាំងប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន។ នេះបើតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូង ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជំនួបជាប្រវត្តិសាស្រ្តយ៉ាងកម្រខាងលើបានចាប់ផ្តើម នាវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ (ពេលវេលានៅទីក្រុងសេអ៊ូល) នៅឯវិមានប្រធានាធិបតី ឈឹង វ៉ា ដេ (Cheong Wa Dae) ឬហៅថា វិមានខៀវ (Blue House) ហើយបន្ទាប់ពីកិច្ចប្រជុំ ពិធីទទួលទានអាហារពេលថ្ងៃត្រង់មួយ ដែលរៀបចំឡើងដោយ លោក មូន ដើម្បីទទួលក្រុមមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង នឹងត្រូវធ្វើឡើងជាបន្ត។
គួរជម្រាបថា ប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងចំនួន ២២រូប បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ ដោយក្នុងនោះរួមមានប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង ព្រមទាំងមន្រ្តីធំៗមួយចំនួនទៀត រួមមានលោក ចូ វី (Choe Hwi) ជាប្រធានគណៈកម្មាធិការកីឡាជាតិ លោក រី សាន់ក្វុន (Ri Son-gwon) ជាប្រធានទីភ្នាក់ងារទទួលបន្ទុកកិច្ចការអន្តរកូរ៉េ។
គួរបញ្ជាក់ផងដែរ អ្វីដែលគួរចំណាប់អារម្មណ៍បំផុតសម្រាប់ដំណើរទស្សនកិច្ចខាងលើនេះ គឺការមកដល់របស់ អ្នកនាង គីម យ៉ូចុង ដោយសារអ្នកនាង គឺជាសមាជិក នៃគ្រួសារត្រកូល គីម ដំបូងបំផុត ដែលបានធ្វើដំណើរមកជាន់ដីកូរ៉េខាងត្បូង យ៉ាងហោចណាស់គិតចាប់តែពីការបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់១៩៥៣។
ដោយឡែក គណៈប្រតិភូកូរ៉េខាងជើង ត្រូវបានគេគ្រោងនឹងវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ នាថ្ងៃអាទិត្យស្អែកនេះ បន្ទាប់ពីបានចូលរួមពិធីបើកព្រឹត្តិការណ៍អូឡាំពិកហើយ កាលពីយប់ថ្ងៃសុក្រម្សិលមិញ៕