(វ៉ាស៊ីនតោន) ៖ សភាអាមេរិក បានបញ្ចប់ភាពជាប់គាំងរដ្ឋាភិបាលដែលបានកើតឡើងរយៈពេលប្រាំម៉ោង នាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីសភាបានបោះឆ្នោតគាំទ្រដំណោះស្រាយលើកញ្ចប់ថវិកា ដោយសម្រេចបន្ថែមប្រាក់រាប់រយពាន់លានដុល្លារ ក្នុងការចំណាយលើវិស័យយោធា កម្មវិធីក្នុងស្រុក និងគ្រោះធម្មជាតិ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Washington Post ចេញផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សមាជិកសភាចំនួន ២៤០នាក់ ទល់នឹង១៨៦រូប បានបោះឆ្នោត ដើម្បីបញ្ចប់វិបត្តិនេះនៅម៉ោង ៥ និង៣០នាទីព្រឹក ដោយបានចំណាយពេលជិត៤ម៉ោង។ យ៉ាងនេះក្តី អាមេរិកនៅតែយឺតយ៉ាវមិនអាចបញ្ចៀសការបិទទា្វរដ្ឋាភិបាលដ៏ខ្លីមួយ ដោយសារបុរសម្នាក់ ព្យាយាមពន្យាពេលសភាមិនឱ្យបោះឆ្នោត ដើម្បីបង្ហាញពីការប្រឆាំងរបស់លោក ចំពោះការបន្ថែមទឹកប្រាក់ចំនួន ៣២០ពាន់លានដុល្លារក្នុងកញ្ចប់ថវិកាឱនភាព របស់រដ្ឋាភិបាលសហព័ន្ធ។

ទាក់ទិនបញ្ហានេះ ប្រធានាធិបតី ដូណាល់ត្រាំ បានបង្ហោះសារក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Tweeter ថា លោកបានចុះហត្ថលេខាលើសេចក្តីសម្រេច ដើម្បីបញ្ចប់ជាផ្លូវការនូវភាពជាប់គាំងរដ្ឋាភិបាលជាលើកទីពីរ ក្រោមអាណិត្តរបស់លោក។ សារក្នុងប្រព័ន្ធទំនាក់ទំនងសង្គមនោះមានខ្លឹមសារបែបនេះថា «ខ្ញុំទើបតែចុះហត្ថលេខាសម្រេចលើកញ្ចប់ថវិកា ហេតុនេះយោធាអាមេរិកនឹងកាន់តែរឹងមាំជាងពេលណាៗទំាងអស់។ យើងស្រឡាញ់ និងត្រូវការយោធា ដោយនឹងផ្ដល់ឱ្យពួកគេនូវអ្វីៗទាំងអស់ និងកាន់តែច្រើន។ ការបន្ថែមកញ្ចប់ថវិកានេះជាលើកទីមួយ មិនធ្លាប់មានអស់រយៈពេលជាយូរមកហើយ»៕