(សេអ៊ូល)៖ ទីបំផុតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាលើកទី ២៣ ក្នុងទីក្រុងព្យឿងចាង (PyeongChang) ប្រទេសកូរ៉េខាងត្បូង ចាប់ផ្ដើមជាផ្លូវការហើយនៅម៉ោង ០៨៖០០នាទីយប់នេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ព្រឹត្តិការណ៍កីឡានេះនឹងត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arirang News នៅយប់ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅអំឡុងរយៈពេល ០២ម៉ោង នៃពិធីបើកការប្រកួត តំណាងអត្តពលិកមកពី ៩២ប្រទេស ចាប់ផ្តើមដើរចូលក្នុងពហុកីឡដ្ឋាន អមជាមួយទង់ជាតិ នៃប្រជាជាតិនីមួយៗម្តងមួយប្រទេសៗ ខណៈការសម្ដែងវប្បធម៌ និងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ក៏រៀបចំធ្វើឡើងជាបន្តបន្ទាប់ដែរនៅយប់ថ្ងៃសុក្រនេះ។ បន្ថែមពីលើនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិក-ប៉ារ៉ាឡាំពិក គឺជាថ្ងៃ ប្រវត្តិសាស្ត្រមួយដែលកូរ៉េទាំងពីរ បានយល់ព្រមដើរជាក្បួនដង្ហែរួមគ្នាក្រោមទង់ជាតិតំណាងតែមួយ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ០២ម៉ោង នៃពិធីបើកការប្រកួត ក៏មានការចូលរួមផងដែរពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence), ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន, នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ព្រម ទាំងប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ក្នុងនោះរួមមានប្អូនស្រីបង្កើតលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង និងប្រធានសភាកូរ៉េខាងជើង លោក គីម យ៉ុងណាំ ផងដែរ៕