រឿងទាហានស៊ីរីស្លាប់ជាង ១០០នាក់ សហរដ្ឋអាមេរិកអះអាងថា ខ្លួនមិនបានចូលរួមនោះទេ ក្នុងការវាយប្រហារជាមួយក្រុមចំរុះ!
09-02-2018 17:22
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាននិយាយថា សហរដ្ឋអាមេរិកមិនបានចូលរួមក្នុងសង្រ្គាមស៊ីវិលនៅស៊ីរីនោះទេ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមចំរុះអាមេរិក ផ្ដាច់ ជីវិតកងកម្លាំងស្ម័គ្រស្មោះ នឹងរដ្ឋាភិបាលស៊ីរីច្រើនជាង ១០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯមន្ទីរបញ្ចកោណ លោក Mattis បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជាការការពារខ្លួនឯង ហើយជាក់ស្ដែងយើងមិនមែនកំពុងចូលរួម នៅក្នុងសង្រ្គាមស៊ីវិលស៊ីរីនោះទេ»។ តែទោះជាបែបនេះក្ដី ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមផ្លូវអាកាស របស់ក្រុមចំរុះអាមេរិក ដោយថែមទាំងចោទប្រកាន់ទីក្រុងវ៉ាស៊ីតោនថា បានប្រព្រឹត្តអំពើសម្លាប់រង្គាល ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី ដែលទង្វើបែបនេះ គួរតែត្រូវបានថ្កោលទោសពីក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ កងកម្លាំងប្រជាធិបតេយ្យស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក បានអះអាងថា ក្រុមចំរុះអាមេរិកបានបើកការវាយប្រហារ សម្លាប់កងកម្លាំងស្ម័គ្រស្មោះនឹងរបបស៊ីរីច្រើនជាង ១០០នាក់ នៅឯទីក្រុង Deir Ez-Zor និងតំបន់ស្ថិតនៅចំងាយ ០៨គីឡូម៉ែត្រ ពីទន្លេ អឺប្រាត (Euphrates River)៕