(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាល្ងាចថ្ងៃសុក្រនេះ បានទទួលស្វាគមន៍ លោក គីម យ៉ុងណាំ ជាប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង ដែលបានដឹកនាំគណៈប្រតិភូប្រជុំ ដោយមន្រ្តីជាន់នានារបស់ទីក្រុងព្យុងយ៉ាង រួមមានទាំងប្អូនស្រីបង្កើតលោក គីម ជុនអ៊ុន នៅឯពិធីជប់លៀងអាហារពេលល្ងាចមួយ មុនត្រៀមប្រារព្ធពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ដែលនឹងធ្វើឡើងនៅម៉ោង ៨៖០០នាទីយប់ថ្ងៃសុក្រនេះ (ម៉ោងនៅសេអ៊ូល ត្រូវនឹងម៉ោង ៦៖០០នាទីល្ងាចនៅកម្ពុជា)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ជំនួបមួយភ្លែតខាងលើនេះ បានកើតមានឡើងក្នុងទីក្រុង យ៉ុងព្យឿង (Yongpyeong) នៅភាគខាងកើតក្បែរក្រុងព្យឿងចាង (PyeongChang) ជាទីក្រុងដែលការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨នេះ ត្រូវបារព្ធឡើង នាឱកាសពីធីជប់លៀងស្រស់ស្រូបអាហារពេលល្ងាចមួយ ដែលរៀបចំឡើងដោយលោក មូន សម្រាប់ប្រមុខរដ្ឋ ក៏ដូចជាបណ្តាមេដឹកនាំពិភពលោកដទៃទៀត រួមមានទាំងអនុប្រធានាធិបតីអាមេរិកផងដែរ នៅមុនពិធីបើកព្រឹត្តិការណ៍អូឡាំពិក។
គួរជម្រាបថា នាឱកាសនោះលោក មូន ជែអ៊ីន និងលោក គីម យ៉ុងណាំ បានចាប់ដៃគ្នា និងថតរូបទុកជាអនុស្សាវរីយ៍ ខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ នឹងបើកកិច្ចជំនួបជាផ្លូវការជាមួយ មេដឹកនាំលេខពីររបស់កូរ៉េខាងជើងរូបនេះ នៅថ្ងៃសៅរ៍ស្អែក ដែលជាឱកាសកម្របំផុតមិនធ្លាប់មាន នាំឲ្យគ្រប់គ្នារំពឹងថា ទំនាក់ទំនងកូរ៉េទាំងពីរ នឹងអាចរិះរកផ្លូវទៅរកភាពប្រសើរឡើងវិញ៕