(វ៉ាស៊ីនតោន)៖ ការសាងសង់នាវាមុជទឹកមួយ នឹងជួបការលំបាកខ្លាំងនៅពេលដែលសីតុណ្ហភាពចុះត្រជាក់ដល់ ១៨៤អង្សាសេក្រោមសូន្យ ហើយមហាសមុទ្រទៀតសោត រួមផ្សំឡើងពីធាតុមេតាន (Ethane) និងអេតាន (Ethane)។ បច្ចុប្បន្នក្រុមអ្នកវិទ្យាសាស្រ្ត កំពុងខិតខំធ្វើយ៉ាងណា អភិវឌ្ឍន៍នាវាមុជទឹកមួយគ្រឿង ដែលអាចដំណើរការបាន នៅក្នុងផ្ទៃសមុទ្ររបស់ព្រះច័ន្ទទីតាន (Titan) ជាព្រះច័ន្ទធំជាងគេ ក្នុងចំណោមព្រះច័ន្ទជាច្រើនផ្សេងទៀតរបស់ភពសៅរ៍ (Saturn) និងធំជាងគេទី ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យ ដែលគេសង្ស័យថា អាចមានផ្ទុកវត្តមានជីវិតក្នុងទម្រង់ណាមួយ។ នេះបើតាមការចេញផ្សាយពីវែបសាយ Science Today នារសៀលថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមវិស្វករជំនាញៗ ដឹងច្បាស់អំពីរៀបរចនានាវាមុជទឹក ឲ្យដំណើរការបាននៅក្នុងមហាសមុទ្រលើភពផែនដីរបស់យើង ប៉ុន្តែបើឲ្យពួកគេបង្កើតនាវាមុជទឹកមួយ សម្រាប់ធ្វើប្រតិបត្តិការ នៅក្នុងមហាសមុទ្រ ដែលចុះត្រជាក់ក្រោមជិត ២០០អង្សាសេក្រោមសូន្យ និងផ្សំឡើងពីធាតុមេតាន និងអេតាន ខុសពីមហាសមុទ្ររបស់យើងទៀតនោះ គឺពិតជាមានការលំបាកយ៉ាងខ្លាំងក្រៃលែង។
ក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន កំពុងសហការជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA ដើម្បីរិះរកវិធី ដែលនឹងអាចឲ្យនាវាមុជទឹកមួយគ្រឿង ដំណើរការបាននៅលើព្រះច័ន្ទ Titan របស់ភពសៅរ៍ Saturn ខណៈដែល NASA មានបំណងបាញ់បញ្ជូននាវាមុជទឹកមួយគ្រឿង ទៅកាន់សមុទ្ររបស់ព្រះច័ន្ទនោះ នៅក្នុងពេល ២០ឆ្នាំទៀត ដើម្បីសិក្សាស្រាវជ្រាវ។
ក្រុមអ្នកវិទ្យាសាស្រ្តខាងលើ បានបង្កើតសមុទ្រសិប្បនិម្មិតមួយ ដែលមានលក្ខខណ្ឌដូចទៅនឹងសមុទ្ររបស់ Titan នៅក្នុងមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តនាវាមុជទឹក និងកំពុងបន្តពិភាក្សាជាមួយ NASA អំពីការកែប្រែបន្ថែមទៅលើគំរូរចនា នៃនាវាមុជទឹកអវកាស សម្រាប់ព្រះច័ន្ទ Titan នេះ។
គួរជម្រាបថា នាវាមុជទឹកខាងលើ នឹងត្រូវធ្វើប្រតិបត្តិការដោយស្វ័យប្រវត្តិដោយវាត្រូវធ្វើការសិក្សាទៅលើលក្ខខណ្ឌបរិកាស និងផ្ទៃសមុទ្រ, ចល័តនៅជម្រៅជ្រៅក្បែរបាតសមុទ្ររបស់ Titan ហើយបណ្តែតខ្លួននៅលើ ឬក្រោមផ្ទៃសមុទ្រអេលៀននោះ៕