(សេអ៊ូល)៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងារ លើកទី២៣ ឆ្នាំ២០១៨ នឹងបើកសម្ពោធការប្រកួតជាផ្លូវការនាម៉ោង ២០៖០០នាទីយប់នេះនៅកូរ៉េខាងត្បូង ស្មើនឹងម៉ោង ៦៖០០នាទីល្ងាចនៅកម្ពុជា ក្រោមសីតុណ្ហភាពត្រជាក់បំផុត -៥អង្សាសេ (-5c) នៅទីក្រុង Pyeongchang នៃសាធារណរដ្ឋកូរ៉េខាងត្បូង។

យោងតាមគេហទំព័រនៃសារព័ត៌មាន BBC បានចេញផ្សាយថា យុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនេះ មានអត្តពលិកប្រមាណជាង ៣០០០នាក់មកពី ៩២ប្រទេសចូលរួមប្រកួតប្រជែងយកមេដាយសរុប ១០២មេដាយ ទៅលើ ១៥ប្រភេទកីឡា ចែកចេញជាង ៣០០វិញ្ញាសាប្រកួត។

កម្មវិធីប្រកួតនៅលើផ្ទៃទឹកកកស្ទើរគ្រប់ទីលានមានរយៈពេល ១៧ថ្ងៃពោលគឺចាប់ពីថ្ងៃទី០៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

Winter Olympic Games ឆ្នាំនេះ បំបែកកំណត់ត្រាដែលមានសីតុណ្ហភាពត្រជាក់ជាងគេបំផុត ស័ក្តិសមទៅនឹង «អូឡាំពិករដូវរងារ» ពិតមែន គ្រាដែលកាលពី៤ឆ្នាំមុនធ្វើនៅទីក្រុង Sochi ប្រទេសរុស្ស៊ី មានសីតុណ្ហភាពរហូតដល់ទៅ ២០អង្សាទៅវិញ ដោយកាលនោះ រុស្ស៊ីឈ្នះមេដាយច្រើនជាងគេ ក្នុងនាមជាម្ចាស់ផ្ទះ តែឆ្នាំរុស្ស៊ីក៏បានបញ្ជូនអត្តលិក សរុប ១៦៩នាក់មកចូលរួមប្រកួតផងដែរ៕