(ញូយ៉ក)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចំាអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស្យា (Vasily Nebenzya) បានចោទប្រកាន់ថា វត្តមានរបស់យោធាអាមេរិក នៅក្នុងប្រទេសស៊ីរី គឺធ្វើឡើងដោយខុសច្បាប់។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ខ្លួនមានសិទ្ធិធ្វើ ការវាយប្រហារការពារខ្លួន ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Vasily Nebenzya ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបិទទ្វារ ជាមួយសមភាគីលោកខាងលិចរបស់លោកកាលពី ថ្ងៃព្រហស្បតិ៍ នៅឯក្រុមប្រឹក្សាសន្តិសុខ។ «គ្មាននរណាម្នាក់អញ្ជើពួកគេទេ (សហរដ្ឋអាមេរិក) ខណៈការស្វែងរកសន្តិភាពជូនប្រជាជនស៊ីរី កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារតែសកម្មភាពខុសច្បាប់ របស់សហរដ្ឋអាមេរិក»។ នេះគឺជាការលើកឡើងរបស់អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់រុស្ស៊ីនៅពេលនេះ កើតមានឡើងបន្ទាប់ពីក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកបាន បញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារលើកងកម្លាំងស្ម័គ្រស្មោះនឹងរបបស៊ីរី គ្រំាទ្រដោយទីក្រុងម៉ូស្គូច្រើនជាង ១០០នាក់ នៅ ឌែរអ៊ែសហ្ស័រ (Deir Ez-Zor) និងតំបន់ស្ថិតនៅចំងាយ ០៨គីឡូម៉ែត្រ ពីទន្លេ អឺប្រាត (Euphrates River)៕