(ញូដេលី)៖ មន្រ្តីផ្នែកទ័ពអាកាសម្នាក់របស់ប្រទេសឥណ្ឌា ត្រូវបានចាប់ខ្លួន ពីបទធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់ តាមរយៈការប្រើបណ្តាញទំនាក់ទំនងសង្គម ជាមួយភ្នាក់ងារចារកម្មបរទេស ដែលបន្លំខ្លួនជាមនុស្សស្រី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកអនុសេនីយ៍ឯក អារុន ម៉ាវ៉ាហា (Arun Marwaha) កំពុងទទួលរងការចោទប្រកាន់ថា បានលួចផ្តល់ព័ត៌មានសម្ងាត់របស់រដ្ឋ ទៅឲ្យភ្នាក់ងារចារកម្មបរទេស មកពីប៉ាគីស្ថាន ដែលបានជជែកឆ្លើយឆ្លងទៅវិញទៅមកជាមួយរូបលោក តាមប្រព័ន្ធបណ្តាញសង្គម ដោយបន្លំខ្លួនធ្វើជានារី។
យោងតាមសេចក្តីរាយការណ៍ព័ត៌មាន មន្រ្តីយោធាឥណ្ឌារូបនេះ កាលពីប៉ុន្មានខែមុន បានបង្កើតចំណងមិត្តភាពជាមួយ បុគ្គលមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប៉ាគីស្ថាន ដែលបានប្រើប្រាស់រូបភាពនារីម្នាក់ ជារូប Profile Picture ហើយបានបន្តទាក់ទងគ្នាជាញឹកញាប់ចាប់តាំងពីពេលនោះមក។
គួរជម្រាបថា បើតាប៉ូលិសឥណ្ឌា លោក Arun Marwaha អាចប្រឈមមុខក្នុងការជាប់ពន្ធនាគាររហូតដល់ ០៧ឆ្នាំ បើតុលាការរកឃើញថា រូបលោក ពិតជាមានទោសដូចការចោទប្រកាន់មែននោះ៕