BREAKING NEWS: រដ្ឋាភិបាលអាមេរិក «ប្រកាសបិទជាផ្លូវការលើកទីពីរ» ដោយសារព្រឹទ្ធសភា មិនអាចអនុម័តកញ្ចប់ថវិកាទាន់ពេល...
09-02-2018 12:33
(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិក បានសម្រេចបិទទាំងស្រុងម្តងទៀតហើយ នៅយប់ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយសារតែព្រឹទ្ធសភា មិនអាចអនុម័តកញ្ចប់ថវិកាទាន់ពេល ក៏ព្រោះតែផុតកាលកំណត់ ដែលត្រូវបានរៀបចំទុកនោះទៅហើយ។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ការសម្រេចបិទរដ្ឋាភិបាលអាមេរិក នៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គឺជាលើកទីពីរសម្រាប់ដើមឆ្នាំ២០១៨ ដែលរដ្ឋបាល ដូណាល់ ត្រាំ ត្រូវជាប់គាំង ខណៈដែលថ្ងៃព្រហស្បតិ៍នេះ គឺជាថ្ងៃកំណត់ចុងក្រោយ នៃការពិភាក្សាអនុម័តថវិកាផ្គត់ផ្គង់រដ្ឋាភិបាល ប៉ុន្តែពេលវេលាបានហួសទៅហើយ ដោយសមាជិកព្រឹទ្ធសភាទាំងអស់ មិនអាចសម្រេចចេញនូវគោលដៅនេះបាន។
គួរបញ្ជាក់ថា យោងតាមអ្វីដែលបានកើតមានឡើងនេះ រដ្ឋាភិបាលអាមេរិក នឹងចាប់ផ្តើមបិទជាផ្លូវការគិតចាប់តាំងពីថ្ងៃសុក្រស្អែកនេះតទៅ (ម៉ោងនៅវ៉ាស៊ីនតោន) រហូតដល់មានការអនុម័តកញ្ចប់ថវិកាឡើងវិញដោយសភា ទើបអាចដំណើរការជាធម្មតាដូចមុនបាន៕