(សេអ៊ូល)៖ ទីបំផុតយន្តហោះ​ដែលដឹកគណៈប្រតិភូជាន់ខ្ពស់​ មកពីប្រទេស​កូរ៉េខាងជើង បានធ្វើដំណើរមកដល់​ព្រលានយន្តហោះអន្តរជាតិ អ៊ីនឈាន់​ ​​របស់ប្រទេស​កូរ៉េខាងត្បូង​ហើយ ដើម្បីត្រៀមចូលរួម​ពិធីបើកព្រឹត្តិការណ៍​អូឡាំពិករដូវរងា នាល្ងាចថ្ងៃសុក្រនេះ។ នេះបើ​តាម​សេចក្តី​រាយ​ការណ៍​របស់ ប​ណ្តាញស្ថានីយទូរទស្សន៍​ក្នុងស្រុកកូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃ​សុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

សម្រាប់មន្រ្តីរដ្ឋាភិបាល​ទីក្រុងសេអ៊ូល ដែលនៅរង់ចាំ​ទទួលដំណើរទស្សនកិច្ច​ខាងលើ គឺរដ្ឋមន្ត្រីក្រសួងបង្រួប​បង្រួម​ជាតិ​​កូរ៉េ​ខាង​ត្បូង លោក ចូ ម្យាំងក្យុន (Cho Myoung Gyon) រួមនិងមន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើនរូបទៀត នៅឯអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ អ៊ីនឈាន់ (Incheon)។

សម្រាប់មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង ដែលនឹងមក​ដល់កូរ៉េខាងត្បូង​ ប៉ុន្មានម៉ោង​ខាងមុខនេះ​រួមមាន លោក គីម យ៉ុងណាំ ប្រធាន​សភា​ជាន់ខ្ពស់​​កូរ៉េខាងជើង ដែលជាអ្នកដឹកនាំក្រុមប្រតិភូ, អ្នកនាង គីម យ៉ូជុង ប្អូនស្រី​​បង្កើត​ លោក គីម ជុងអ៊ុន មាន​តួនាទីជា​អនុប្រធាន​​គណកម្មាធិការមជ្ឈិម​បក្សពលករ​កូរ៉េ ដែលជា​បក្សកាន់​អំណាច​តែមួយគត់​នៅ​កូរ៉េខាងជើង, ព្រមទាំងតំណាង រដ្ឋាភិ​បាល​​ទីក្រុង​​ព្យុងយ៉ាង​​ជាច្រើនរូបទៀត ដែលអម​​ដំណើរមក។

គួរបញ្ជាក់ថា តំណាងកូរ៉េខាងជើង​ដែលមកកាន់​កូរ៉េខាងត្បូងនោះ គឺដើម្បីចូលរួម​ពិធីបើក​ព្រឹត្តិការណ៍កីឡា​អូឡាំពិក​រដូវរងា នៅទីក្រុងព្យឿងចាង​​ទឹកដីកូរ៉េខាងត្បូង ដែលកូរ៉េខាងជើង​ក៏បានបញ្ជូន​អត្តពលិករបស់ខ្លួន​មកចូលរួមប្រកួត និងក្រុម​តន្ត្រីចំរុះ​មកធ្វើការសម្តែង​ផងដែរ។ បន្ថែមពី​នេះទៀត ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក៏បានត្រៀមខ្លួន​​ទទួលជួប​គណប្រតិភូជាន់ខ្ពស់​កូរ៉េខាងជើង​ទាំងអស់ ដែលនឹងក្លាយ​ជាឱកាសដ៏កម្រ​មានបំផុត នៃជំនួប​ផ្លូវការថ្នាក់​រដ្ឋាភិបាល នៃអតីតបង​ប្អូនកូរ៉េ​ទាំងពីរ៕