(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ចូ ម្យាំងក្យុន (Cho Myoung Gyon) នឹងធ្វើដំណើរទៅទទួលគណៈប្រតិភូជាន់ខ្ពស់ នៃគណបក្សកាន់អំណាចកូរ៉េខាងជើង ដែលដឹកនាំដោយ លោក គីម យ៉ុងណាំ ប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង នៅឯព្រលានយន្តហោះអន្តរជាតិ អ៊ីនឈាន់ (Incheon) ផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រៅពីលោក ចូ ក៏មានមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើនរូបទៀតដែរ ដែលនឹងរង់ចាំទទួលតំណាងជាន់ខ្ពស់កូរ៉េខាងជើងមានដូចជា លោក ជុន ហែស៊ុង (Chun Hae-sung) អនុរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង និងលោក ណាំ ក្វាន់ព្យោ (Nam Gwan-pyo) ប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង។
សម្រាប់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលនឹងមកដល់កូរ៉េខាងត្បូង ប៉ុន្មានម៉ោងខាងមុខនេះរួមមាន លោក គីម យ៉ុងណាំ ប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង, អ្នកនាង គីម យ៉ូជុង ប្អូនស្រីបង្កើត លោក គីម ជុងអ៊ុន មានតួនាទីជាអនុប្រធានគណកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ ដែលជាបក្សកាន់អំណាចតែមួយគត់នៅកូរ៉េខាងជើង, ព្រមទាំងតំណាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងជាច្រើនរូបទៀត ដែលអមដំណើរមក។
គួរបញ្ជាក់ថា តំណាងកូរ៉េខាងជើងដែលមកកាន់កូរ៉េខាងត្បូងនោះ គឺដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងព្យឿងចាងទឹកដីកូរ៉េខាងត្បូង ដែលកូរ៉េខាងជើងក៏បានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត និងក្រុមតន្ត្រីចំរុះមកធ្វើការសម្តែងផងដែរ។ បន្ថែមពីនេះទៀត ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ក៏បានត្រៀមខ្លួនទទួលជួបគណប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងទាំងអស់ ដែលនឹងក្លាយជាឱកាសដ៏កម្រមានបំផុត នៃជំនួបផ្លូវការថ្នាក់រដ្ឋាភិបាល នៃអតីតបងប្អូនកូរ៉េទាំងពីរ៕