(ប៉េកាំង)៖ ស្រ្តីម្នាក់នៅខេត្ត ហ្ស៊ីជាំង (Zhejiang) ភាគខាងកើតប្រទេសចិន ទីបំផុតត្រូវបានតុលាការ ផ្តន្ទាទោសប្រហារជីវិតនាថ្ងៃសុក្រនេះ ពីបទបង្កអគ្គីភ័យដែលបានឆក់យកជីវិតសមាជិក ០៤នាក់ នៃក្រុមគ្រួសារមួយកាលពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមតុលាការក្រុងហាងចូវ (Hangzhou) លទ្ធផលនៃការស៊ើបអង្កេតរបស់អាជ្ញាធរចិន បានរកឃើញថា ស្រ្តីឈ្មោះ ម៉ូ ហ័នជីង (Mo Huanjing) ដែលជាអតីតមេដោះនៃគ្រួសាររបស់លោក លីន ហ្សេងប៊ីន (Lin Shengbin) ពិតជាមានទោសពីបទបង្កគ្រោះអគ្គីភ័យ ក្រោយពីស្រ្តីរូបនោះ បានបង្កឲ្យភ្លើងឆាបឆេះក្នុងអគារស្នាក់នៅរបស់ លោក Lin ដែលស្ថិតក្នុងទីក្រុង Hangzhou កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដែលប្រការនេះ បានផ្តាច់យកជីវិតភរិយារបស់ Lin ឈ្មោះ ជូ ហ្សាវជិន (Zhu Xiaozhen) ហើយនិងកូនៗទាំង ០៣នាក់ របស់អ្នកទាំងពីរ។
គួរជម្រាបថា បើតាមតុលាការខាងលើ ស្រ្តីឈ្មោះ Mo បានបង្កគ្រោះអគ្គីភ័យឡើង តាមរយៈការប្រើដែកកេះ នៅវេលាព្រលឹមថ្ងៃកើតហេតុ ក្រោយពីខ្លួនបានស្វែងរកពាក្យថា «ការលួចបង្កអគ្គីភ័យ» នៅលើបណ្តាញអ៊ីនធើណែត។ គ្រោះអគ្គីភ័យនេះ ក៏បានបង្កការខូចខាតគិតជាទឹកប្រាក់ប្រមាណជាង ៤០៥,៩០០ដុល្លារ ផងដែរ៕