(ប៉េកាំង)៖ ប្រទេសចិនបានបញ្ជូនយន្ដហោះចម្បាំង Su-35 ដែលទើបតែទិញពីរុស្ស៊ី ទៅកាន់តំបន់ជម្លោះសមុទ្រចិនខាង ត្បង ដើម្បីធ្វើប្រតិបត្តិការល្បាត និងកំញើញនាវាចម្បាំងអាមេរិក ដែលកំពុងល្បាតក្រោមហេតុផលសេរីភាពនាវាចរណ៍ នៅក្នុងតំបន់ជម្លោះមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមកងទ័ពអាកាសចិន យន្ដហោះចម្បាំង Su-35 ត្រូវបានបញ្ជូនឱ្យទៅចូលរួមក្នុងការធ្វើប្រតិបត្តិការល្បាតជា ទម្លាប់នៅឯតំបន់សមុទ្រចិនខាងត្បូង។ ប៉ុន្តែការបញ្ជូនយន្ដហោះចម្បាំងនេះ កើតមានឡើងក្រោយលេចលឺព័ត៌មានថា កងនាវាពិឃាតអាមេរិក កំពុងដឹកនាំប្រតិបត្តិការល្បាត នៅតំបន់ជម្លោះដែនទឹក ជាទីដែលទីក្រុងប៉េកាំងអះអាងថា ជាដែនអធិបតេយ្យភាពរបស់ខ្លូន ខណៈវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ ក៏បានទាមទារសិទ្ធិគ្រប់គ្រង តាមតំបន់រៀងៗខ្លួនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពអាកាសចិនមិនបានបញ្ជាក់ថា ប្រតិបត្តិការល្បាតរបស់ Su-35 ធ្វើឡើងកាលពីពេលណានោះទេ ដោយគ្រាន់តែគេដឹងថា នេះគឺជាលើកដំបូងដែលទីក្រុងប៉េកាំង ប្រើប្រាស់យន្ដហោះចម្បាំងដើម្បីល្បាត ចាប់តាំង ពីវាត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសចិន កាលពីឆ្នាំ២០១៦។ ម្យ៉ាងវិញទៀត ផ្អែកលើប្រតិបត្តិការនេះ វានឹងជួយពង្រឹង សមត្តភាពកងទ័ពអាកាសចិន ក្នុងការធ្វើប្រតិបត្តិការរយៈចំងាយឆ្ងាយ៕