(អាមេរិក)៖ តើហេតុអ្វីបានជា​តំបន់ទឹកកក​អាក់ទិក ឡើងកម្តៅលឿន​ជាងតំបន់ដទៃៗ នៃភពផែនដី? តើធូលីរ៉ែជួយ​ធ្វើឲ្យ​បរិយាកាស​កើន​ឡើងកម្តៅ ឬក៏​ចុះត្រជាក់? ទីភ្នាក់ងារ​​អវកាស​អាមេរិក NASA បានជ្រើសរើស​​សំណើធ្វើការស្រាវជ្រាវ​​ថ្មីចំនួនពីរ ដើម្បីអភិវឌ្ឍ​​ន៍​ឧបករណ៍​​ទំហំតូច​ ដែលនឹងអាចផ្តល់​ចម្លើយសម្រាប់សំណួរ​សំខាន់ៗ​ទាំងនេះ ពាក់ព័ន្ធភព​កំណើត​របស់យើង ហើយនិង​បរិស្ថាន​​របស់វា ពីទីអវកាស។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ វែបសាយ Phys.org នៅព្រឹក​ថ្ងៃ​សុក្រ​ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

ឧ​បករណ៍មាន​ឈ្មោះថា PREFIRE នឹងនាំយកផ្កាយរណប​ខ្នាតតូច CubeSate មួយគូ ដើម្បីឲ្យទៅ​សិក្សាស្រាវជ្រាវ​​ ទៅលើថាមពល​ Radiant ដែលបញ្ចេញ​ដោយភពផែនដី ក្នុងគោលបំណង​ស្វែងរកតំរុយ អំពីការកើនឡើងកម្តៅ​នៃតំបន់អាក់ទិក ក៏ដូចជាការ​បាត់បង់​​ដុំ​ទឹកកកនៅ​ផ្ទៃសមុទ្រ និងការរលាយផ្ទាំង​ទឹកកកធំៗ។

សម្រាប់ឧបករណ៍​មួយទៀតគឺ EMIT នឹងប្រើប្រាស់​ប្រព័ន្ធ Sensor បំពាក់​នៅខាងក្រៅ​​ស្ថានីយ​អវកាស​អន្តរជាតិ ISS ដើម្បីកំណត់​ទៅលើ​​សមាសធាតុផ្សំ​ នៃសារធាតុរ៉ែ ដែលបង្កើតចេញ​ជា​កម្ទេចធូលី នៅគ្របដណ្តប់​ជុំវិញផែនដី​របស់យើង។ តាមរយៈការ​វាស់​ស្ទង់​លម្អិតថា តើសារធាតុ​រ៉ែណាខ្លះ ដែលបង្កើតធូលី​នេះឡើង EMIT នឹងជួយផ្តល់​ចម្លើយសម្រាប់សំណួរ​ដ៏សំខាន់ថា តើ​ធូលីបែប​នេះ ធ្វើឲ្យ​បរិយាកាស​ផែនដីឡើងកម្តៅ​ ឬចុះត្រជាក់។

លោក Michael Freilich ប្រធានអង្គភាព​ផ្នែកវិទ្យាសាស្រ្តភពផែនដី​របស់ NASA បានលើក​ឡើងថា PREFIRE និង EMIT នឹង​​ប្រើ​ប្រាស់បច្ចេកវិទ្យា​ ដែលអភិវឌ្ឍន៍ឡើង​ជាលើកដំបូង​ដោយ NASA សម្រាប់​បេសកកម្មបែប Planetary ប្រកប​ដោយភាព​ច្នៃប្រឌិតខ្ពស់ ដើម្បីដោះស្រាយ​សំណួរ​ដ៏សំខាន់ និងជាយូរណាស់​មកហើយ ស្តីពីភព​របស់យើង។

គួរបញ្ជាក់ថា ការឡើងកម្តៅ​ខុសពីធម្មតា​ នៃតំបន់សមុទ្រ​ទឹកកក​អាក់ទិក បានធ្វើ​ឲ្យទឹកកក​ទាំងផ្ទាំងៗ​រលាយបន្តិចម្តងៗ និងធ្វើឲ្យនីវ៉ូ​ទឹកសមុទ្រកើន​ឡើងខ្ពស់ ដែលជា​​ហេតុបង្ក​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរ ដល់បណ្តា​ទីក្រុងនានា ដែលមាន​ផ្ទៃដីទាប ហើយបើ​នៅតែបន្ត​ទៀតនោះ​ ទីក្រុងជាច្រើននៅ​តាមបណ្តោយ​ឆ្នេរមហាសមុទ្រ​ប៉ាស៊ីហ្វិក និងឥណ្ឌា​ផងដែរ នឹងត្រូវលិចក្នុងទឹក​សមុទ្រ នៅយ៉ាងហោច​ណាស់ ៥០ឆ្នាំ​ ខាងមុខ៕