​(តៃវ៉ាន់)៖ ចំនួនអ្នកស្លាប់​​នៅក្នុងគ្រោះ​រញ្ជួយដី​កម្រិត ៦.៥រ៉ិចទ័រ នៅក្នុង​ទីក្រុង​ហ័រលៀន (Hualien) ភាគខាងកើតកោះតៃវ៉ាន់ បានកើន​​ដល់ ១០នាក់ហើយ ខណៈមនុស្ស ២៧២នាក់រងរបួស និង ០៧នាក់ទៀត នៅតែបន្តបាត់ខ្លួននៅ​ឡើយ។ នេះបើ​​តាម​ក្រុម​អ្នកជួយ​សង្រ្គោះ ដកស្រង់ដោយ​ទីភ្នាក់ងារ​​សារព័ត៌មាន​​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមក្រុម​អ្នកជួយ​សង្រ្គោះ ជនរងគ្រោះ ០៤នាក់ គឺជាភ្ញៀវទេសចរ​​មកពីចិន​​ដីគោក ហើយបីនាក់​​ក្នុងចំណោម​ពួកគេ​​ជាស្ត្រី ត្រូវបានគេទាញ​ចេញពី​គំនរបាក់បែក​​ជាន់ទីពីរ​នៃអគារ យុនមិន (Yun Men Tusi Ti) កាលពី​ថ្ងៃព្រហស្បតិ៍។​ បន្ថែមពី​លើនេះ ប្រព័ន្ធផ្សព្វ​ផ្សាយ​នៅក្នុងតំបន់​ ក៏បាន​រាយការណ៍​ដែរថា អ្នករងរបួស​ក្នុងគ្រោះរញ្ជួយដី​កើនដល់ ២៧២នាក់ រីឯ ០៧នាក់ផ្សេង​ទៀត​ នៅតែបន្តបាត់ខ្លួន​នៅឡើយ ខណៈប្រតិបត្តិការ​ជួយសង្រ្គោះ​ ឈានដល់​ថ្ងៃទី៣។

គួររំលឹកថា បើតាម​មជ្ឈមណ្ឌល​គ្រោះ​រញ្ជួយដីចិន គ្រោះរញ្ជួយដី​​កម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារ​​លើទីក្រុង Hualien នៃកោះ តៃវ៉ាន់​នៅម៉ោង ១១៖៥០នាទីយប់​ថ្ងៃអង្គារ ហើយគ្រោះ​រញ្ជួយដីនេះ​​ទៀតសោត បានបង្កការ​ខូចខាតធ្ងន់ធ្ងរ​​បំផុតលើ​ទីក្រុង Hualien ក្នុងរយៈ​ពេលជាង ០៥ទសវត្សរ៍​មកនេះ។ ក្រោយគ្រោះរញ្ជួយដី​ដ៏កក្រើកខាងលើនេះ ក៏មានគ្រោះ​រញ្ជួយ​កម្រិតមធ្យម​ជាបន្តបន្ទាប់ ចំនួនពីរលើក​បន្ថែមទៀតផងដែរ ប៉ុន្តែវាមិន​បានបង្ក​ជាគ្រោះហន្តរាយ​ អ្វីនោះឡើយ៕