(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន និងមន្ត្រីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី (Yang Jiechi) បានអះអាងឡើងវិញពីការប្ដេជ្ញាចិត្ត រវាងប្រទេសទាំងពីរក្នុងការដាក់សម្ពាធលើ ទីក្រុងព្យុងយ៉ាងទាក់ទិននឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Yang បានបំពេញដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃមកកាន់ទីក្រុងវ៉ាស៊ីនតោន ដោយចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ ហើយនៅក្នុងដំណើរទស្សនកិច្ចគេរំពឹងថា លោកនឹងលើកយកបញ្ហាកូរ៉េខាងជើង និងទំនាក់ទំនងសេដ្ឋកិច្ច ចិន-អាមេរិក ទៅពិភាក្សាជាមួយលោក ធីល្លឺសុន។ ដោយឡែក ជុំវិញសំណុំរឿងកូរ៉េខាងជើង អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធើ ណឺត (Heather Nauer)t បានគូសបញ្ជាក់ថា លោក Yang និងលោក ធីល្លឺសុន បានអះអាងឡើងវិញពីការប្ដេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការរក្សាការដាក់សម្ពាធលើកម្មវិធីអាវុធ និងនុយក្លេអ៊ែរខុសច្បាប់របស់កូរ៉េខាងជើង។
មិនតែប៉ុណ្ណោះ ប្រមុខទូតជាន់ខ្ពស់ទាំងពីរ ក៏បានឯកភាពគ្នាផងដែរ លើសារៈសំខាន់បន្តទំនាក់ទំនងក្នុងលក្ខណៈស្ថាបនា និងធ្វើកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៧ ចិន និងសហរដ្ឋអាមេរិកបានសម្ដែងក្ដីព្រួយបារម្ភរួមគ្នា ពាក់ព័ន្ធនឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលអះអាងថា អាចបាញ់ដល់ដែនដីគោកអាមេរិក។ ប៉ុន្តែបើតាមក្រុមអ្នកជំនាញខ្លះ អ្វីដែលមហាអំណាចទាំងពីរព្រួយបារម្ភពិតប្រាកដនោះ គឺខ្លាចក្រែងវិបត្តិកូរ៉េខាងជើង ជំរុញឱ្យពួកគេប្រឈមមុខ ដាក់គ្នាដោយផ្ទាល់នៅថ្ងៃណាមួយ៕