(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើត ឡើងរួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ បើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើង បានដឹកនាំការធ្វើព្យុហយាត្រាយោធានៅថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងព្យុងយ៉ាង ដើម្បីរំលឹកដល់ថ្ងៃ បង្កើតកងទ័ពរបស់ខ្លួន ពោលគឺមួយថ្ងៃតែប៉ុណ្ណោះ មុននឹងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅឯទីក្រុង Pyeong Chang ប្រទេសកូរ៉េខាងត្បូង ចូលមកដល់នៅថ្ងៃសុក្រស្អែកនេះ៕

២៖ ក្រុមចំរុះអន្តរជាតិ​មានសហរដ្ឋអាមេរិក​ជាបងធំ បានបើកការ​វាយប្រហារតាម​ផ្លូវអាកាស និងកាំភ្លើងធំ​យ៉ាង​សន្ធាប់ ដោយផ្ដាច់យកជីវិត​​កងកម្លាំង​ស្ម័គ្រស្មោះ​នឹង​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ ច្រើនជាង ១០០នាក់ នៅស៊ីរី៕

៣៖ ប្រទេសបារាំង​កំពុងទទួលរង​ការចុះត្រជាក់​ និងធ្លាក់ព្រិល​យ៉ាង​ខ្លាំងក្លា ជាពិសេសនៅតំបន់​ភាគខាងជើង​ប្រទេស រួមទាំង​រដ្ឋធានី​ប៉ារីស និងទីតាំង​នៅជុំវិញនោះ៕

៤៖ ទោះបី​ជាព្រះច័ន្ទ ជាបុត្របង្កើត​នៃភពផែនដី​​ក៏ដោយ ប៉ុន្តែបើសិន​ជាទីឋានទាំងពីរនេះ​​គោចរមកកៀកគ្នា ក្នុងរយៈ ពេល​កំណត់មួយ​ដោយខានមិន​បាននោះ វានឹងបង្ក​ជាគ្រោះ​ធម្មជាតិ​ជាច្រើន ដែលមនុស្ស​លោកធ្លាប់ប្រឈមមុខ​ជាច្រើនដង​​មកហើយ ចាប់តាំង​ពីអតីតកាល រហូតមកដល់​ទល់​បច្ចុប្បន្ន និងបន្តទៅ​ថ្ងៃអនាគត៕

៥៖ ដ្ឋាភិបាលទីក្រុង​ប៉េកាំង នឹងផ្តោតទៅលើក​ស្ទួយការប្រើប្រាស់​ដ្រូន (Drone) នៅក្នុងវិស័យ​គមនាគមន៍​​របស់ខ្លួន​ ដើម្បី​លើក​កម្ពស់​​ប្រសិទ្ធ​ភាព សុវត្ថិភាព ព្រមទាំង​គុណភាព​នៃវិស័យដ៏​សំខាន់ ខណៈដែលចិន​បានដាក់​គោលដៅ ប្រែក្លាយខ្លួន​ជា​អ្នក​នាំ​មុខគេ​ក្នុងវិស័យ​គមនាគមន៍ ដែលមានគុណភាព​ក៏ដូចជាប្រសិទ្ធភាព ព្រមទាំងក្នុង​ការបង្កើតគំនិត​ច្នៃប្រឌិត​ តាមបែប​បច្ចេក​វិទ្យា៕

៦៖ រដ្ឋមន្ត្រីការ​បរទេសចិន លោក វ៉ាង យី បាននិយាយថា ទីក្រុងប៉េកាំង​សង្ឃឹមថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង អាចរក្សាសន្ទុះនៃទំនាក់ទំនងគ្នាដូច​បច្ចុប្បន្ន ដើម្បីបើកទ្វារចូល​អង្គុយចរចា​គ្នា ស្វែងរកសន្តិភាព​សម្រាប់តំបន់​ឧបទី្វបកូរ៉េ៕