(បង់ក្លាដែស)៖ មេដឹកនាំគណបក្សប្រឆាំងបង់ក្លាដែស គឺគណបក្សអ្នកជាតិនិយមបង់ក្លាដែស (BNP) លោកស្រី ខាឡេដា ហ្ស៊ា (Khaleda Zia) ត្រូវបានតុលាការកាត់ទោសឱ្យជាប់ ពន្ធនាគារ ០៥ឆ្នាំ ពីបទពុលរលួយ ខណៈកូនប្រុសរបស់លោកស្រី ឈ្មោះ តារីក រ៉ាហ៍ម៉ាន់ (Tarique Rahman) ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ឆ្នាំផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ចៅក្រមនៃតុលាការមួយក្នុងទីក្រុង Dhaka បានអានសាលក្រមកាត់ទោសលោកស្រី Khaleda Zia បន្ទាប់ពីប៉ូលិស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកហ្វូងអ្នកគាំទ្ររបស់លោកស្រី ដែលប្រមូលផ្ដុំគ្នាតវ៉ានៅខាងក្រៅតុលាការ។ ក៏ប៉ុន្តែលោកស្រី Zia មានអាយុ ៧២ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ថា លោកស្រីបានកិបកេងមូលនិធិជាង ២៥២,០០០ដុល្លារ សម្រាប់សាងសង់មជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែង។
មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ និងជាគូរប្រជែងរបស់នាយករដ្ឋមន្ត្រីបង់ក្លាដែសបច្ចុប្បន្ន លោកស្រី ហ្សេក ហាស៊ីណា (Sheikh Hasina) អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ក៏បានចាត់ទុកដែរថា សាលក្រមកាត់ទោសលោកស្រីគឺជារឿងនយោបាយ។ បើតាមសាលក្រមខាងលើ លោកស្រី Khaleda Zia មិនអាចចូលរួមក្នុងការបោះឆ្នោតសភានៅក្នុង ឆ្នាំ២០១៨ នេះបានឡើយ៕