(សេអ៊ូល)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉ែស (Antonio Guterres) បានកត់សម្គាល់ថា កិច្ចសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គឺជារឿងចាំបាច់ និងត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ នៅលើតំបន់ឧបទ្វីបកូរ៉េ ដែលវាមិនខុសពី ការចង់បានរបស់ចិនប៉ុន្មាននោះឡើយ ដោយរដ្ឋមន្ត្រីការបរទេសចិន ចង់ឲ្យកូរ៉េទាំងពីរអង្គុយចុះចរចាគ្នាឡើងវិញ ដើម្បីដោះស្រាយបញ្ហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុ នៃស្ថានីយ៍ទូរទស្សន៍ CBS នៅថ្ងៃព្រហស្បតិ៍នេះ លោក Guterres បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាមិនមែនជាបញ្ហាលទ្ធភាពនោះទេ ប៉ុន្តែវាគឺជាប្រភេទកិច្ចសន្ទនាមួយដ៏ចាំបាច់ និងត្រូវធ្វើជាបន្ទាន់ ព្រោះយើងចាំបាច់ត្រូវចាប់ផ្ដើមកិច្ចសន្ទនា ដ៏ប្រាកដប្រជាមួយ សំដៅបញ្ជៀសរាល់ការយល់ច្រឡំ និងភាពតានតឹង ដែលអាចនឹងជំរុញឱ្យស្ថានភាពឧបទ្វីបកូរ៉េ ធ្លាក់ចូលក្នុងគ្រោះមហន្តរាយ គ្មាននរណាអាចទាយទុកជាមុន»។
សូមជំរាបថា ការលើកឡើងរបស់លោក Antonio Guterres កើតឡើងនៅចំពេល កូរ៉េខាងជើងបានប្រកាសថា ខ្លួនគ្មានបំណងជួបជាមួយក្រុមមន្រ្តីតំណាងសហរដ្ឋអាមេរិក នៅអំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ ដែលនឹងចាប់ផ្តើម បើកនាថ្ងៃសុក្រសប្តាហ៍នេះឡើយ។ តែយ៉ាងណាក៏ដោយ អគ្គលេខាធិការរូបនេះក៏បានសង្កត់ធ្ងន់ដែរថា កិច្ចសន្ទនា ស្វែងដំណោះស្រាយជាមួយកូរ៉េខាងជើងអាចធ្វើទៅបាន បើសិនជាទីក្រុងព្យុងយ៉ាង និងភាគពាក់ព័ន្ធទាំងអស់យល់ថា ខ្លួនមានសុវត្ថិភាព៕