(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នាថ្ងៃសៅរ៍សប្តាហ៍នេះនឹងទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ តំណាងរដ្ឋាភិបាលកូរ៉េខាងជើង ដែលនឹងអញ្ជើញមកចូលរួមពិធីបើក ការប្រកួតកីឡាអូឡាំពិករដូវរងា នៅថ្ងៃសុក្រស្អែក។ នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង ដែលទទួលបានព័ត៌មានពីវិមានប្រធានាធិបតី Blue House និងចុះផ្សាយបន្តដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង គណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង ដែលដឹកនាំដោយ លោក គីម យ៉ុងណាំ ប្រធានសភាជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើង នឹងធ្វើដំណើរតាមជើងយន្តហោះ ដើម្បីមកចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាលើកទី ២៣ នៅក្រុងព្យឿងចាងរបស់កូរ៉េខាងត្បូង។
យន្តហោះឯកជនមួយគ្រឿង ដែលដឹកនាំប្រតិភូកូរ៉េខាងជើង ត្រូវបានគេកំណត់កាលវិភាគថា នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon នាវេលាម៉ោង ០១៖៣០នាទី រសៀលថ្ងៃសុក្រ (ពេលវេលាក្នុងតំបន់ គឺមុនកម្ពុជាពីរម៉ោង)។ យន្តហោះរបស់កូរ៉េខាងជើង ដែលនឹងចាកចេញពីរដ្ឋធានីព្យុងយ៉ាង នៅព្រឹកថ្ងៃសុក្រ នឹងធ្វើដំណើរត្រង់នៅលើសមុទ្រខាងលិច ហើយនៅពេលមកដល់នឹងមិននៅរង់ចាំនៅក្នុងព្រលានយន្តហោះ Incheon ឡើយតែនឹងត្រឡប់មកម្តងទៀតនាល្ងាចថ្ងៃអាទិត្យ ក្រោយពីទៅកូរ៉េខាងជើងវិញ។
គួរជម្រាបថា គណៈប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងជើង នឹងស្នាក់នៅប្រទេសកូរ៉េខាងត្បូង ពីថ្ងៃចាប់ពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យ ដើម្បីចូលរួមពិធីបើកព្រឹត្តការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រស្អែកនេះ នៅឯទីក្រុងព្យឿងចាង ភាគខាងកើតកូរ៉េខាងត្បូង។ ក្រៅពីលោក គីម យ៉ុងណាំ មន្រ្តីធំៗនៅចំណោមក្នុងគណៈប្រតិភូទាំង ២២រូប នោះរួមមានដូចជា លោក ចូ វី (Choe Hwi) ជាប្រធានគណៈកម្មាធិការកីឡាជាតិ លោក រី សាន់ក្វុន (Ri Son-gwon) ជាប្រធានទីភ្នាក់ងារទទួលបន្ទុកកិច្ចការអន្តរកូរ៉េ ហើយនិងប្អូនស្រីបង្កើតរបស់ លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូចុង (Kim Yo-jong) មានតំណែងជានាយករងទីមួយ នៃនាយកដ្ឋានឃោនាការ របស់គណបក្សពលករកូរ៉េ។
ខណៈក្នុងអំឡុងពេល ០៣ថ្ងៃនេះ ប្រតិភូកូរ៉េខាងជើង ត្រូវគេរំពឹងថា នឹងជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលកូរ៉េខាងត្បូងក៏ដោយ គេនៅមិនទាន់ដឹងប្រាកដច្បាស់នៅឡើយទេថា តើនឹងក្រុមមន្រ្តីជាន់ខ្ពស់មកពីកូរ៉េខាងជើងនេះ នឹងអាចជួបសន្ទនាជាមួយគណប្រតិភូរបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយអនុប្រធានាធិបតី Mike Pence ដែរឬយ៉ាងណា ខណៈទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងនាព្រឹកថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលរបស់ខ្លួន មានចេតនាជួបជាមួយក្រុមមន្រ្តីមកពីទីក្រុងវ៉ាស៊ីនតោនឡើយ៕