(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងផ្តោតទៅលើកស្ទួយការប្រើប្រាស់ដ្រូន (Drone) នៅក្នុងវិស័យគមនាគមន៍របស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព ព្រមទាំងគុណភាពនៃវិស័យដ៏សំខាន់ ខណៈដែលចិនបានដាក់គោលដៅ ប្រែក្លាយខ្លួនជាអ្នកនាំមុខគេក្នុងវិស័យគមនាគមន៍ ដែលមានគុណភាពក៏ដូចជាប្រសិទ្ធភាព ព្រមទាំងក្នុងការបង្កើតគំនិតច្នៃប្រឌិត តាមបែបបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនចិន លោក លី ហ្សាវប៉េង (Li Xiaopeng) បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ពួកយើងកំពុងរៀបចំផែនការ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាដ្រូន ហើយនិងស្តង់ដាបច្ចេកទេស ដែលពាក់ព័ន្ធដទៃទៀត»។ លោក Li មានជំនឿចិត្តខ្ពស់ថា ដ្រូន នឹងអាចផ្តល់អនាគតដ៏ត្រចះត្រចង់ សម្រាប់វិស័យគមនាគមន៍ចិន ខណៈពួកវាមួយចំនួន ត្រូវបានប្រើប្រាស់រួចស្រេចទៅហើយ រួមមានទូកដែលបញ្ជាចង្កូតរបស់វាដោយខ្លួនឯង និងរថភ្លើងស្វ័យប្រវត្តិជាដើម។ លោក Li បាននិយាយថា ក្រសួងដឹកជញ្ជូន កំពុងធ្វើការសាងសង់ទីតាំងសាកល្បង ដើម្បីស្រាវជ្រាវបន្ថែមទៀត លើបច្ចេកវិទ្យានេះ។
គួរជម្រាបថា ការអភិវឌ្ឍវិស័យគមនាគមន៍ នៅក្នុងប្រទេសចិន គឺជាគោលដៅដ៏សំខាន់មួយ ក្នុងចំណោមគោលដៅដទៃទៀត ដែលត្រូវបានកំណត់នៅក្នុងមហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី ១៩ កាលពីខែតុលា ឆ្នាំ២០១៧ ដែលធ្វើឲ្យវាស្ថិតក្នុងលំដាប់កំពូល នៃរបៀបវារៈរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាដ្រូនក្នុងវិស័យដឹកជញ្ជូននេះ យន្តហោះដ្រូនតាក់ស៊ី (Drone Taxi) ដំបូងបំផុត នៅក្នុងប្រទេសចិន ទើបតែត្រូវបានដាក់ឲ្យដំណើរការសាកល្បងហើយប៉ុណ្ណោះ កាលពីម្សិលមិញ នៅក្នុងទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង ភាគខាងត្បូង ដែលឈ្មោះរបស់វាគឺ Autonomous Aerial Vehicle ឬ AAV អាចដឹកមនុស្សបានម្នាក់ ក្នុងល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្វីដែលពិសេសនោះ គឺវាអាចហោះហើរឆ្លងកាត់ ក្នុងពេលមានព្យុះទីហ្វុងខ្លាំងក្លា រហូតដល់កម្រិតទី ៧ ទៀតផង៕