(ប៉ារីស)៖ ប្រទេសបារាំងកំពុងទទួលរងការចុះត្រជាក់ និងធ្លាក់ព្រិលយ៉ាងខ្លាំងក្លា ជាពិសេសនៅតំបន់ភាគខាងជើងប្រទេស រួមទាំងរដ្ឋធានីប៉ារីស និងទីតាំងនៅជុំវិញនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ទោះបីជាទេសភាពនៅក្នុងតំបន់ ដែលគ្របដណ្តប់ដោយផ្ទាំងព្រិលសក្បុះមើលទៅស្រស់ត្រកាលយ៉ាងណាក្តី លក្ខខណ្ឌអាកាសធាតុបែបនេះ បានបង្កការកកស្ទះចរាចរណ៍ជាខ្លាំង ដោយបណ្តាលឲ្យអ្នកដំណើរទៅណាមកណាពុំរួច, ជើងហោះហើរ និងរថភ្លើងត្រូវពន្យារពេល, និងបណ្តាញរថយន្តក្រុងត្រូវជាប់គាំងជាដើម។
គួរជម្រាបថា ម៉្យាងវិញទៀតប៉ម Eiffel Tower ក៏ត្រូវបានបិទមិនឲ្យភ្ញៀវទេសចរចូលទស្សនាផងដែរ ខណៈព្រិលបានកើនឡើងដល់កម្រាស់ប្រមាណ ១៥សង់ទីម៉ែត្រ ហើយសីតុណ្ហភាពចុះត្រជាក់ជិតដល់ជិត ១០អង្សាសេ នៅក្នុងទីក្រុងប៉ារីស និងតំបន់ផ្សេងៗទៀតនៅភាគខាងជើងប្រទេសបារាំង៕