(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រប្រយុទ្ធ ១៦គ្រឿង ពីប្រទេសកាណាដា ក្នុងតម្លៃជាង ២៣៣លានដុល្លារ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការកម្ចាត់ក្រុមសកម្មប្រយុទ្ធ និងក្រុមឧទ្ទាមកុម្មុយនីស្ដ ទោះបីជាដឹងថា សហរដ្ឋអាមេរិក និងក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួន បានសម្តែងការប្រឆាំងយ៉ាងណាក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ឧទ្ធម្ភាគចក្រប្រយុទ្ធ ១៦គ្រឿង ដែលហ្វីលីពីនទិញពីកាណាដាគឺជាប្រភេទឧទ្ធម្ភាគចក្រធុន Bell 412EPI ហើយបើតាមកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ សប្តាហ៍នេះ វានឹងត្រូវប្រគល់ដល់ដៃហ្វីលីពីននៅដើមឆ្នាំ២០១៩។ មួយវិញទៀត ការទិញឧទ្ធម្ភាគចក្រនេះទៀតសោត ធ្វើឡើងនៅក្នុងបរិបទដែលប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងផ្ដោតសំខាន់លើការធ្វើទំនើបកម្មអាវុធ និងយោធារបស់ខ្លួន សំដៅទប់ទល់នឹងការកើនឡើង នៃការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធភាពជាមួយក្រុមភេរវករ ISIS និងពួកឧទ្ទាមកុម្មុយនីស្ដ នៅភាគខាងត្បូងនៃប្រទេសតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សបានសម្ដែងក្ដីព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងនេះដោយពួកគេចាត់ទុកថា រដ្ឋាភិបាលកាណាដា កំពុងបំពាក់អាវុធដល់របប ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយនេះគឺជាលើកទី ២ ដែល ទីក្រុងម៉ានីលទិញឧទ្ធម្ភាគចក្រធុន Bell 412EPI ដោយកាលពីឆ្នាំ២០១៤ ហ្វីលីពីនបានទិញ Bell ចំនួន ០៨គ្រឿង ក្នុងតម្លៃ ៤.៨ពាន់លានប៉េសូ (ជាង ២៥៥លានដុល្លារ)៕