(ប៉េកាំង)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ផែន (Mike Pence) បានសន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ទណ្ឌកម្មជាអតិបរមា ប្រឆាំងនឹងកូរ៉េខាងជើង ខណៈប្រជាជនកូរ៉េខាងត្បូងមួយចំនួនធំ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ បើទោះជាដឹងថា វាអាចជារឿងបណ្ដោះអាសន្នក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ជុំវិញព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ក្នុងទីក្រុង PyeongChang ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រស្អែកនេះដែរ ប្រជាជនកូរ៉េខាងត្បូងភាគច្រើនបានស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការនេះ។ ជាក់ស្ដែង ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ បានប្រាប់អ្នកសារព័ត៌មានខាងលើ យ៉ាងដូច្នេះថា «គ្រប់គ្នាដឹងថា កូរ៉េខាងជើងនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករបស់យើង... ហើយនេះមានន័យថា វាគឺជាឱកាសដ៏ល្អសម្រាប់ពិភពលោកទាំងមូល»។
តែទោះជាបែបនេះក្ដី លោក Mike Pence បែរជាប្រើប្រាស់ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ បញ្ជូនសារធ្ងន់ធ្ងរពាក់ព័ន្ធនឹងកម្មវិធី នុយក្លេអ៊ែរកូរ៉េខាងជើងទៅវិញ។ «ជាការរួមគ្នាជាមួយជប៉ុន និងសម្ព័ន្ធមិត្តរបស់យើងដទៃទៀត ទុកឱ្យពិភពលោកដឹងពីរឿងមួយ នេះថា យើងនឹងបន្តបង្កើនការដាក់ទណ្ឌកម្ម ជាអតិបរមាជាយុទ្ធនាការដាក់សម្ពាធរហូតទាល់តែកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរ»។ នេះគឺជាការគូសបញ្ជាក់របស់ លោក Pence នាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងតូក្យូ មុននឹងដឹកនាំប្រតិភូកីឡា អាមេរិកទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារក្នុងទីក្រុង PyeongChang។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងនឹងបញ្ជូនប្អូនស្រីរបស់លោក គីម ជុងអ៊ុន មកកាន់កូរ៉េខាងត្បូង ហើយនេះនឹងក្លាយជាលើកដំបូងបំផុត ដែលមន្ត្រីជាន់ខ្ពស់ខ្សែស្រឡាយគ្រួសារត្រកូលគីម ធ្វើដំណើរមកជាន់កូរ៉េខាងត្បូង ក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ៕