(ប៉េកាំង)៖ គ្រោះរញ្ជួយដីដ៏កក្រើកមួយទៀត ជាលើកទីបីក្នុងសប្តាហ៍នេះ បានកើតឡើងនៅក្នុងដែនសមុទ្រតៃវ៉ាន់ ក្បែរទីក្រុង ហ័រលៀន (Hualien) ដែលទើបតែរងគ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ កាលពីយប់ថ្ងៃអង្គារ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ០៧នាក់, បាត់ខ្លួន ៦៧នាក់ និងជាង ២០០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
មជ្ឈមណ្ឌលជាបណ្តាញតាមដានគ្រោះរញ្ជួយដីចិន CENC បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះទៀតថា គ្រោះរញ្ជួយដីបាតសមុទ្រខាងលើនេះ គឺញ័រចេញពីក្នុងជម្រៅបាតសមុទ្រ ៨គីឡូម៉ែត្រ ប៉ុន្តែពុំមានរបាយការណ៍ថា អាចកើតមានរលកយក្សស៊ូណាមិ ឬក៏ការគំរាមកំហែងដល់ដីគោកនោះឡើយ ក៏ព្រោះតែវាស្ថិតនៅក្នុងកម្រិតមធ្យមមួយប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីយប់មិញនេះ គ្រោះរញ្ជួយដីលើកទីពីរ បានវាយប្រហារនៅចម្ងាយ ១៩គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើត ទីក្រុង Hualian ដូចគ្នា តែពុំបានបង្កគ្រោះអាសន្នបន្ថែមពីលើសោកនាដកម្ម ដែលបានកើតមានឡើងកាលពីយប់ថ្ងៃអង្គារនោះឡើយ, នេះបើតាមភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រ របស់សហរដ្ឋអាមេរិក បានឲ្យដឹងយ៉ាងដូច្នេះ៕