(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានបាញ់បង្ហោះគ្រាប់រ៉ុក្កែតដ៏ខ្លាំងជាងគេបង្អស់ ទៅកាន់លំហអាកាស ដោយនាំយករបស់ដែលនាំយកវត្ថុនឹកស្មានមិនដល់មួយ ទៅកាន់ទីនោះថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
គ្រាប់រ៉ុក្កែតទម្ងន់ធ្ងន់ Falcon Heavy បានហោះឡើងចាកចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា បាននាំយកវត្ថុម៉្យាងគ្រាន់សម្រាប់ជាការកម្សាន្តប៉ុណ្ណោះ គឺរថយន្ត Tesla Roadster ពណ៌ក្រហម ជាមួយអវកាសយានិកសិប្បនិម្មិត ដែលជិះនៅលើនោះ ខណៈរថយន្តនោះជាកម្មសិទ្ធិផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla គឺមហាសេដ្ឋីលោក Elon Musk។
ក្រោយពីទៅដល់លំហអាកាសរ៉ុក្កែតជំនួយទាំងពីរគ្រាប់ ដែលនៅសងខាងរ៉ុក្កែតធំ បានវិលត្រឡប់មកចុះចតនៅផែនដី ដោយជោគជ័យតំណាលគ្នា ខណៈគ្រាប់រ៉ុក្កែតធំ បានព្យាយាមតម្រង់ទិសរថយន្ត Roadster ឲ្យទៅនៅគន្លងអវកាស ក្បែរភពអង្គារ (Mars) មុនពេលបកត្រឡប់ចុះមកវិញដូច្នេះ។ បើតាមលោក Musk រថយន្ត និងអវកាសយានិកសិប្បនិម្មិត ត្រូវគេរំពឹងថា នឹងស្ថិតនៅគន្លងនោះ សម្រាប់រយៈពេលរាប់រយលានឆ្នាំទៅមុខទៀត ឬក៏ប្រហែលជារហូតដល់មួយពាន់លានឆ្នាំផងមើលទៅ។
គួរជម្រាបថា Falcon Heavy មានសមត្ថភាពនាំយកវត្ថុទម្ងន់ ៦៣,៥០០គីឡូក្រាម ទៅកាន់គន្លងកម្រិតទាបរបស់ភពផែនដី ដែលប្រការនេះធ្វើឲ្យវាគឺជាគ្រាប់រ៉ុក្កែត ដែលមានសមត្ថភាពខ្លាំងជាងគេបំផុតលើកលោក ជាពិសេសសម្រាប់ការបាញ់បង្ហោះផ្កាយរណបធំៗ ព្រមទាំងស្ថានីយអវកាសនាពេលអនាគត ទៅកាន់ទីអវកាស។ ខណៈការធ្វើតេស្តនាសប្តាហ៍នេះរបស់វា គឺជាការស្ទាបស្ទង់មើលក៏ដូចជាការបង្ហាញពី សមត្ថភាពរបស់គ្រាប់រ៉ុក្កែតនេះ៕