(ព្យុងយ៉ាង)៖ ទីក្រុងព្យុងយ៉ាងនាថ្ងៃពុធនេះ បានថ្កោលទោសធ្ងន់ៗ ចំពោះក្រុមអ្នកអភិរក្សនិយមនៅកូរ៉េខាងត្បូង សម្រាប់ការបង្កបាតុកម្មប្រឆាំងនឹងការធ្វើដំណើរទៅដល់ របស់ក្រុមតន្រ្តីកូរ៉េខាងជើងនាម្សិលមិញនេះ ដើម្បីសម្តែងក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងារព្យឿងចាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ការធ្វើបាតុកម្មរបស់ប្រជាជនកូរ៉េខាងត្បូង បានកើតមានឡើងនៅពេល ដែលក្រុមតន្រ្តីកូរ៉េខាងជើង បានទៅធ្វើដំណើរតាមផ្លូវទឹក ទៅដល់កំពង់ផែ មូកហូ (Mukho) របស់កូរ៉េខាងត្បូងនៅឯឆ្នេរខាងកើត។ ក្រុមសិល្បៈនេះ កំពុងរៀបចំការសម្តែងអបអរមួយ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកនៅក្រុង ហ្កាងអឿង (Gangeung) ជាទីដែលនឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់គ្រប់ការប្រកួតលើផ្ទៃទឹកកក នៅក្បែរទីក្រុងព្យឿងចាង នាថ្ងៃព្រហស្បតិ៍ស្អែកនេះ។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក្រុមអ្នកអភិរក្សនិយមកូរ៉េខាងត្បូង បានស្រែកបន្ទរពាក្យស្លោកប្រឆាំងនឹងកូរ៉េខាងជើង និងប្រើសម្តីប្រមាថមើលងាយមកលើសេចក្តីថ្លែថ្នូរ របស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ព្រមទាំងបានដុតទង់ជាតិរបស់កូរ៉េខាងជើង រូបថតលោក គីម ជុងអ៊ុន និងទង់តំណាងឲ្យតំបន់ឧបទ្វីបកូរ៉េទាំងមូលថែមទៀត។
ក្រុមតន្រ្តីកូរ៉េខាងជើង បានចាកចេញពីរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយឡើងលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ឈ្មោះ ម៉ាងយ៉ុងបុង (Mangyongbong-92) នៅឯតំបន់ឆ្នេរភាគខាងកើត ដើម្បីឆ្ពោះទៅកាន់កូរ៉េខាងត្បូង ដែលវាគឺជាសញ្ញាកត់សម្គាល់មួយ សំដៅបង្ហាញពីការបន្ធូរបន្ថយភាពតានតឹង នៅឧបទ្វីបកូរ៉េ។
គួរជម្រាបថា តំបន់ឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ នៅតែបន្តជាចំណុចក្តៅនៃការប្រឈមមុខដាក់គ្នា រវាងកូរ៉េខាងជើង ហើយនិងសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាច្រើនលើក កាលពីជាឆ្នាំជាមួយកូរ៉េខាងត្បូង ដើម្បីសម្ញែងសាច់ដុំដាក់កូរ៉េខាងជើង ជាការឆ្លើយតបចំពោះការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។
ដោយឡែក ក្រុមតន្រ្តីខាងលើនេះ គឺស្ថិតក្នុងផ្នែកនៃក្រុមប្រតិភូកូរ៉េខាងជើង ប្រមាណជិត ៣០០នាក់ ដែលមកចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រសប្តាហ៍នេះ។ គណៈប្រតិភូជាន់ខ្ពស់មួយក្រុម ដែលដឹកនាំដោយលោក Kim Yong Nam ប្រធានសភាជាន់ខ្ពស់កូរ៉េខាងជើង នឹងបង្ហាញវត្តមាននៅក្នុងពិធីបើកការប្រកួតកីឡាអន្តរជាតិនេះ ហើយប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់លោក គីម ជុនអ៊ុន ក៏ត្រូវទីក្រុងសេអ៊ូល អះអាងថា នឹងអញ្ជើញមកចូលរួមជាកិត្តិយសផងដែរ៕