(លីម៉ា)៖ សមាគមរ៉ែ ប្រេង និងថាមពលជាតិ នៃប្រទេសប៉េរូបានឱ្យដឹងថា ទីក្រុងលីម៉ានៅតែអាចរក្សាដំណែងជាអ្នកផលិតមាស នំាមុខគេនៅអាមេរិកឡាទីន និងធំជាងគេលំដាប់ទី០៦ នៅក្នុងពិភពលោកកាលពីឆ្នាំ២០១៧ ជាមួយការផលិតមាស ១៥១តោន កាលពីឆ្នាំមុន។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ ថ្ងៃរសៀលពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃអង្គារ ផលិតផលមាសធំជាងគេ គឺបានមកពីភាគខាងជើងតំបន់ ឡា លីប៊ឺតាដ (La Libertad) ចំនួន ៤៣តោន និងតំបន់ កាហ្សាម៉ារកា (Cajamarca) ចំនួន ៣៣តោន តាមពីក្រោយដោយភាគខាងត្បូង នៃតំបន់ អារ៉េឃ្វីប៉ា (Arequipa) ២០តោន តំបន់ អាយ៉ាគូចូ (Ayacucho) ១២តោន។
ចំណែកឯរ៉ែប្រាក់វិញ ប៉េរូគឺជាអ្នកផលិតប្រាក់ធំទី ០២ ក្នុងលោកកាលពីឆ្នាំមុន តាមពីក្រោយមិចស៊ីកូ ដោយផលិតបានប្រាក់ ៤,៣០៤តោន។ ជាងនេះទៅទៀត ប៉េរូ ក៏ត្រូវបានគេស្គាល់ផងដែរថា ជាអ្នកផលិតលោហៈដ៏ធំ ហើយ ៦០ភាគរយ នៃចំណូលពីការនាំ ចេញរបស់ខ្លួនបានមកពីឧស្សហកម្មរ៉ែ។
គួរបញ្ជាក់ថា នៅរយៈពេល ០៨ខែដំបូងកាលពីឆ្នាំ២០១៧ ប៉េរូបាននាំចេញរ៉ែគិតជាទឹកប្រាក់សរុប ១៦.៦៩៨ពាន់លានដុល្លារ ឬកើនឡើង ២៤ភាគរយ ខណៈការនាំចេញទង់ដែងសរុបជាទឹកប្រាក់ ៨.២៥២ពាន់លានដុល្លារ ឬកើនឡើង ៣៥ភាគរយ និងការនាំចេញមាសកើនដល់ ៥.១៦៤ពាន់លានដុល្លារ ឬកើនឡើង ០៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦៕