(សេអ៊ូល)៖ ប្អូនស្រីដ៏មាន​ឥទ្ធិពល របស់​ប្រមុខដឹកនាំកំពូលផុតលេខ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ​ដែល​ទើប​​ត្រូវ​​បាន​លើកតម្កើង​​នៅក្នុងឆាក​នយោបាយ​ របស់​ប្រទេស​កុម្មុយ​និស្ត​មួយនេះ កាលពីឆ្នាំមុន​នោះ​ នឹងអញ្ជើញមកចូលរួម​​ ពិធី​បើកព្រឹត្តិ​ការណ៍​​កីឡា​អូឡាំពិក​រដូវរងារ ដែលនឹងប្រព្រឹត្ត​ទៅក្នុងប្រទេស​កូរ៉េខាងត្បូង នាចុង​សប្តាហ៍នេះ។ នេះបើតាម​ការឲ្យដឹង​ពី​ទីក្រុង​សេអ៊ូល ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង​ យុនហ៉ាប់ នៅរសៀល​ថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

បើគិតទាំងប្អូនស្រី​របស់ លោក គីម ជុងអ៊ុន ឈ្មោះអ្នក​នាង គីម យ៉ូចុង ម្នាក់នេះ​ទៀត គឺកូរ៉េខាងជើង​បានសម្រេច នឹងបញ្ជូនមន្ត្រីជាន់​ខ្ពស់របស់ខ្លួន​ចំនួនពីរ​រូបហើយ ដោយក្នុងនោះ ប្រធានសភា​កូរ៉េខាងជើង លោក គីម យ៉ុងណាំ កាលពីថ្ងៃ​ម្សិលមិញនេះ ក៏ត្រូវបាន​សារព័ត៌មាន​រដ្ឋកូរ៉េខាងជើង​បញ្ជាក់ផងដែរថា នឹងមកកាន់​កូរ៉េខាងត្បូង​ដូចគ្នា ដើម្បីចូលរួម​ពិធីបើក​សម្ពោធ ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ និងប៉ារ៉ាឡាំពិករដូវរងារ នៅទីក្រុងព្យឿងចាង។

យោងតាមក្រុមមន្ត្រី​កូរ៉េខាងត្បូង ប្អូនស្រីលោក គីម គឺអ្នកនាង Kim Yo-jong មានតំណែងជា​នាយករងទីមួយ​ នៃនាយកដ្ឋានឃោ​នាការ របស់គណបក្ស​ពលករ​កូរ៉េ នឹងមានឈ្មោះ​ក្នុងចំណោម មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង​ទាំង ២២រូប ដែលដឹកនាំ​ដោយ ប្រធានសភា​កូរ៉េខាងជើង លោក គីម យ៉ុង ណាំ (Kim Yong-nam)។

ចំណែកឯ មន្ត្រីកូរ៉េខាងជើងជាន់​ខ្ពស់ពីរនាក់​ទៀតមាន លោក ចូ វី (Choe Hwi) ជាប្រធាន​គណៈកម្មាធិការ​កីឡាជាតិ និងលោក រី សាន់ក្វុន (Ri Son-gwon) ជាប្រធាន​ទីភ្នាក់ងារទទួល​បន្ទុកកិច្ចការ​អន្តរកូរ៉េ ក៏មាន​ឈ្មោះក្នុង​បញ្ជីប្រតិភូជាន់ខ្ពស់​នេះដែរ ដែលនឹងត្រូវ​បំពេញ​ទស្សនកិច្ច​ មកកាន់កូរ៉េខាងត្បូង​រយៈពេលបីថ្ងៃ ដោយចាប់ផ្ដើម​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ។

គួរបញ្ជាក់ថា នាវាមួយគ្រឿង​ផ្ទុកដោយក្រុម​តន្ត្រីករ, អ្នកចម្រៀង និងក្រុមអ្នករាំ របស់​កូរ៉េខាងជើង​ជាង ១៤០នាក់ បានធ្វើ​ដំណើរមកដល់ប្រទេស​កូរ៉េខាងត្បូងហើយ កាលពីថ្ងៃអង្គារ ដើម្បីចូលរួមសម្តែង​នៅក្នុង ព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារនាទីក្រុង Pyeongchang នៅ​ថ្ងៃសុក្រ ទី០៩ ខែកុម្ភៈ​នេះ៕