(តៃប៉ិ)៖ សារព័ត៌មានចិនបានចេញផ្សាយនៅមុននេះបន្តិចថា ក្នុងចំណោមមនុស្សរងរបួសទាំង ២១៩នាក់នោះ គឺមានជាង ៥០នាក់ ជាជនជាតិជប៉ុន ខណៈក្រុមជួយសង្គ្រោះកំពុងតែព្យាយាមគាស់កកាយ រកមនុស្សបាត់ខ្លួននៅក្រោមអគារបាក់បែកនានា តែគេមិនទាន់អាចបញ្ជាក់ពីចំនួន មនុស្សដែលកំពុងបាត់ខ្លួននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងគ្រោះរញ្ជួយប្រថពី កាលពីយប់ថ្ងៃអង្គារ បានកើនដល់ ០៤នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្រ្គោះ បានទាញសាកសពមនុស្ស ០២នាក់បន្ថែម ចេញពីគំនរអគារបាក់បែក និងមនុស្ស ២១៩នាក់ ផ្សេងទៀតបានរងរបួស ហើយបន្ទាប់មកក៏មានការបញ្ជាក់ថា ជនជាតិជប៉ុនចំនួនជាង ៥០នាក់ ភាគច្រើនជាភ្ញៀវទេសចរ គឺស្ថិតនៅក្នុងចំណោមអ្នករងរបួស។
យោងតាមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ចិន (CENC) គ្រោះរញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារទីក្រុង ហួលៀន (Hualien) នៅម៉ោងប្រមាណ ២៣៖៥០នាទីយប់ កាលពីថ្ងៃអង្គារ ដោយមានជម្រៅ ១០គីឡូម៉ែត្រ និងស្ថិតចំងាយ ២០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើតកោះតៃវ៉ាន់។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យសណ្ឋាគារមួយឈ្មោះ ម៉ាសល (Marshal Hotel) ដួលរលំផងដែរ ហើយមកទល់ពេលនេះមនុស្ស ២៣៥នាក់ ត្រូវបានជួយសង្រ្គោះ និង ១១៧នាក់ បន្តបាត់ខ្លួននៅឡើយ រីឯជនរគ្រោះបន្ថែមទាំង ០២នាក់ ខាងលើមានម្នាក់ជាបុរសអាយុ ៦៦ឆ្នាំ និងស្ត្រីម្នាក់អាយុ ៦០ឆ្នាំ។
គួរបញ្ជាក់ថា ទីក្រុង Hualien មានប្រជាជនរស់នៅ ១០០,០០០នាក់ និងជាគោលដៅទេសចរណ៍ដ៏សំខាន់។ ដោយឡែក បើតាមក្រុមមន្ត្រីតៃវ៉ាន់ សាលារៀនជាច្រើននឹងនៅតែបន្តបិទទា្វរនៅថ្ងៃពុធនេះ រីឯក្រុមអ្នកជួយសង្រ្គោះនៅតែបន្តស្វែងរកអ្នកដែលគេជឿជាក់ថា កំពុងជាប់នៅក្រោមគំនរអគារដួលរលំ ស្របពេលប្រជាជន ២០០គ្រួសារ គ្មានអគ្គិសនីប្រើប្រាស់ និង ៣៥,០០គ្រួសារគ្មានទឹក ប្រើប្រាស់ជាបណ្ដោះអាសន្ន៕