(ប៉េកាំង)៖ ប្រទេសចិនបានផលិតយន្ដហោះប្រកាសសញ្ញាអាសន្នធុន KJ-500 ជាច្រើងគ្រឿងបន្ថែមទៀត ដែលនេះគឺជាសញ្ញាមួយបង្ហាញថា ឧស្សហកម្មសព្វាវុធរបស់ចិន កាន់តែរីកចំរើនទៅមុខយ៉ាងឆាប់រហ័ស។ នេះបើតាមរូបភាពផ្កាយរណប ដកស្រង់ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបភាពផ្កាយរណបថតចេញពីក្រុមហ៊ុនផលិតយន្ដហោះ Shaanxi Aircraft Corporation ក្នុងទីក្រុង ហានចុង (Hanzhong) នៃខេត្ត ហ្សានស៊ី (Shaanxi) កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ បានបង្ហាញថា ក្រុមហ៊ុនផលិតយន្ដហោះមួយនេះ បានផលិត KJ-500 ចំនួន ០៨គ្រឿង ដែលនេះធ្វើឱ្យយន្ដហោះប្រកាសអាសន្នប្រភេទនេះ កើនពី ០៤គ្រឿង ដល់ ១២គ្រឿង។ នេះបើតាមអ្នកជំនាញផ្នែកយោធា លោក អាន់ឌ្រាស រ៉ាប់ព្រីច (Andreas Rupprecht)។
លោក Rupprecht បានបន្ថែមថា តាមរយៈការផលិតយន្ដហោះ KJ-500 បច្ចេកវិទ្យាយន្ដហោះចិនកាន់តែរីកចំរើន ហើយវានឹងអាចជួយដល់កងទ័ពរំដោះប្រជាជនចិន ក្នុងការកំណត់ទីតាំង និងព្រមានសញ្ញាអាសន្នពីយន្ដហោះចម្បាំងដទៃ ដែលហោះនៅរយៈចំងាយឆ្ងាយទៀតផង។
គួរបញ្ជាក់ថា KJ-500 គឺជាប្រភេទយន្ដហោះប្រកាសអាសន្ន មានបំពាក់ទៅដោយប្រព័ន្ធរ៉ាដា ជាមួយប្រព័ន្ធអេឡិចត្រូនិកស្កេនចំនួន ០៣ នៅលើដំបូល។ ម្យ៉ាងវិញទៀត បើទោះជាមិនមានការអះអាងជាផ្លូវការក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញខ្លះដូចជា លោក Rupprecht យល់ថា ដោយសារតែ KJ-500 ចាប់តាំងពីឆ្នាំ២០១៦មក កងទ័ពរំដោះប្រជាជនចិន កាន់តែមានសមត្ថភាពខ្ពស់រហូត ចាប់បានសញ្ញាយន្ដហោះចម្បាំងអាមេរិកធុន F-22 នៅតំបន់សមុទ្រចិនខាងកើត៕