(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើយ៉ាងទទូចឲ្យក្រសួងការពារជាតិរបស់ខ្លួន រៀបចំប្រារព្ធពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុងប្រទេស ក្រោយពីរូបលោកបានមានឱកាស ទស្សនាទិដ្ឋភាពបែបនេះ នៅក្នុងប្រជាជាតិដទៃទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធលទ្ធភាព នៃការធ្វើក្បួនព្យុហយាត្រាយោធា អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Hackabee Sanders) បានលើកឡើងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិតជាមានការគាំទ្រ និងយកចិត្តទុកដាក់ជាខ្លាំង ដល់កងទ័ពដ៏អង់អាចរបស់សហរដ្ឋអាមេរិក ដែលបានហ៊ានប្រថុយជីវិតពួកគេជារៀងរាល់ថ្ងៃ ដើម្បីការពារប្រទេសជាតិរបស់យើង។ ដូច្នេះហើយ លោកបានស្នើឲ្យមន្ទីរបញ្ចកោណ រៀបចំគំរោងធ្វើក្បួនព្យុហយាត្រាអបអរសាទរមួយ ដែលអាចឲ្យប្រជាពលរដ្ឋអាមេរិក សម្តែងការពេញចិត្តរបស់ពួកគេ។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកអាមេរិក លោកប្រធានាធិបតីអាមេរិករូបនេះ មានភាពស្ញប់ស្ញែងជាខ្លាំង ដោយការធ្វើពីធីព្យុហយាត្រាមួយដើម្បីអបអរថ្ងៃទិវា Bastille Day ដែលលោក ត្រាំ បានទស្សនានៅឯទីក្រុងប៉ារីសជាមួយនឹងការទទួលស្វាគមន៍ពីសំណាក់ ប្រធានាធិបតីបារាំង និងភរិយា នាអំឡុងដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តដ៏ធំមួយនេះកាលពីឆ្នាំ២០១៧៕