(វៀងច័ន្ទ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាធនធានមនុស្សផ្លូវការដំបូងគេបំផុតនៅឯប្រទេសឡាវ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ នៅក្នុងរដ្ឋធានីវៀងច័ន្ទ កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
មជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលត្រូវបានផ្តួចផ្តើមកាលពីឆ្នាំ២០១៥ ក្រោមក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឡាវ ចំណាយថវិកាអស់ប្រមាណ ៤.៣លានដុល្លារ ខណៈវៀតណាមបានជួយដល់ទៅ ៣.៩លានដុល្លារ។
បើតាមរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឡាវ លោក បូវាងខាំ វង់ដារ៉ា (Boviengkham Vongdara) មជ្ឈមណ្ឌលថ្មីនេះ នឹងត្រូវប្រើប្រាស់ ដើម្បីពង្រឹងសមត្ថភាព មន្រ្តីផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ព្រមទាំងការសិក្សាស្រាវជ្រាវ ក៏ដូចជាដើម្បីឲ្យត្រូវតាមការអភិវឌ្ឍក្នុងស្រុក និងការធ្វើសមាហរណកម្មអន្តរជាតិ ហើយនិងដើម្បីលើកកម្ពស់ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត នៅក្នុងប្រទេស។
គួរជម្រាបថា ពីធីសម្ពោធបើកមជ្ឈមណ្ឌល បានទទួលការចូលរួមពីសំណាក់ នាយករដ្ឋមន្រ្តីឡាវ លោក ចុងលួន ស៊ីសួលីត (Thongloun Sisoulith) និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ហ្ស័នភុក (Nguyen Xuan Phuc)៕