(សេអ៊ូល)៖ កូរ៉េខាងជើងបានស្នើឱ្យកូរ៉េខាងត្បូងផ្គត់ផ្គង់ប្រេង ដល់នាវារបស់ខ្លួនដែលដឹកក្រុមប្រតិភូកីឡា មកចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងារនៅឯទីក្រុង ព្យឿងចាង (PyoengChang) ក្នុងសប្ដាហ៍នេះ ស្របពេលមានការព្រួយបារម្ភថា ការធ្វើបែបនេះអាចនឹងប៉ះ ពាល់ដល់ការអនុវត្តន៍ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
នាវាកូរ៉េខាងជើងឈ្មោះ Mangyongbong 92 បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ជាមួយក្រុមតន្រ្តី ១៤០នាក់ ដែលនឹងត្រូវចូលរួមសម្ដែង នៅអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅថ្ងៃសុក្រនេះ។ នាវាមួយនេះក៏នឹងត្រូវបានប្រើប្រាស់ជាកន្លែង ស្នាក់នៅរបស់ក្រុមប្រតិភូកូរ៉េខាងជើងផងដែរ។ ដោយឡែក ជុំវិញសំណើរបស់ទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូល មិនទាន់ឆ្លើយតបនៅឡើយទេ ដោយរង់ចាំពិចារណាជាមុនសិន។
«កូរ៉េខាងជើងបានស្នើសុំការផ្គត់ផ្គង់ប្រេង បន្ទាប់ពីនាវា Mangyongbong 92 បានមកដល់កូរ៉េខាងត្បូង រីឯទីក្រុងសេអ៊ូលកំពុងតែពិនិត្យលើសំណើនេះហើយ»។ នេះគឺជាការលើកឡើងរបស់អ្នកនាំពាក្យ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង លោក ប៊ែក តែយ៉ុន (Baik Tae-hyun) ដោយមិនបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងចង់បានប្រេងប៉ុន្មាន នោះទេ។
គួរបញ្ជាក់ថា ការផ្គត់ផ្គង់ផលិតប្រេងឱ្យកូរ៉េខាងជើង អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិកាលពីខែធ្នូ ឆ្នាំ២០១៧ ដែលបានគោលបំណងទប់ស្កាត់ការនាំចេញប្រេង ឬផ្គត់ផ្គង់ប្រេងឱ្យកូរ៉េខាងជើងយ៉ាងតិច ៥០០,០០០បារ៉ែលក្នុងមួយឆ្នំា។ យ៉ាងណាក៏ដោយ បើតាមសារព័ត៌មាននៅក្នុងស្រុក ទីក្រុងសេអ៊ូលអាចនឹងផ្គត់ផ្គង់ម្ហូបប្រេង និងអគ្គិសនីដល់នាវា Mangyongbong 92 នៅពេលនាវានេះឈប់សំចតកំពង់ផែ Mukho៕