(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃអង្គារ​នេះ បានព្រមាន​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូងថា ការធ្វើសមយុទ្ធយោធា​រួមគ្នាឡើងវិញ អាចនឹងធ្វើឱ្យ​ឧបទ្វីបកូរ៉េ​ ត្រឡប់ទៅរក​ស្ថានភាពប្រឈមមុខ​ដាក់គ្នា​សាជាថ្មី។ នេះបើតាម KCNA ចុះផ្សាយបន្ត​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ យ៉ុនហាប់ នៅ​ព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​បទអត្ថាធិប្បាយ​របស់ខ្លួន ស្ថានីយទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCNA បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «បើសិនជា​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ចាប់ផ្ដើមធ្វើ​សមយុទ្ធយោធា​ឡើងវិញ នោះស្ថានភាព​នៅលើ​ឧបទ្វីបកូរ៉េ នឹងត្រឡប់​ទៅរកការ​ប្រឈម​មុខដាក់គ្នាជាថ្មី ឬក៏អាចឈាន​ដល់គ្រោះមហន្តរាយ​ក៏ថាបាន ហើយអ្នក​ដែលបង្ករឿង​ គឺជាអ្នកទទួលខុស​ត្រូវទាំង​ស្រុង»

គួរបញ្ជាក់ថា ការព្រមាន​របស់កូរ៉េខាងជើង កើតមានឡើង​ក្រោយមាន​សេចក្ដីរាយការណ៍​ជាបន្តបន្ទាប់ថា ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​សេអ៊ូល មានគំរោង​ធ្វើ​សមយុទ្ធយោធា​​រួម​គ្នាទ្រង់ទ្រាយ​ធំ Key Resolve និង Foal Eagle ឡើងវិញ​នៅខែមេសា ខាងមុខនេះ ពោលគឺ​បន្ទាប់ពីព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវរងារ​បិទបញ្ចប់៕