(តៃវ៉ាន់)៖ អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា មនុស្ស ០២នាក់បានស្លាប់ និងច្រើនជាង ២០០នាក់ ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះ រញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើទីក្រុង ហួលៀន (Hualien) នៃកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ចិន (CENC) គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារទីក្រុង Hualien នៅម៉ោងប្រមាណ ២៣៖៥០នាទីយប់ កាលពីថ្ងៃអង្គារ ដោយមានជម្រៅ ១០គីឡូម៉ែត្រ និងស្ថិតចំងាយ ២០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើតកោះតៃវ៉ាន់។ លើសពីនេះទៅទៀត គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យសណ្ឋាគារមួយឈ្មោះ Marshal Hotel ដួលរលំផងដែរ ខណៈមកទល់ពេលនេះមនុស្ស ១៥០នាក់ ត្រូវបានជួយសង្រ្គោះ ចេញពីគំនរបាក់បែកនៃអាគារ។
គួរបញ្ជាក់ថា ទីក្រុង Hualien មានប្រជាជនរស់នៅ ១០០,០០០នាក់ និងជាគោលដៅទេសចរណ៍ដ៏សំខាន់។ ដោយឡែក បើតាមក្រុមមន្ត្រីតៃវ៉ាន់ សាលារៀនជាច្រើននឹងនៅតែបន្តបិទទា្វរនៅថ្ងៃពុធនេះ រីឯក្រុមអ្នកជួយសង្រ្គោះនៅតែបន្តស្វែងរកអ្នកដែលគេ ជឿជាក់ជាប់នៅក្រោមគំនរអគារដួលរលំ៕