(ហាណូយ)៖ ពលរដ្ឋវៀតណាម មិនគួរធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវនោះទេ ដោយសារតែ ប្រទេសដែនកោះមួយនេះ បានប្រកាសដាក់ប្រទេសរបស់ខ្លួន ស្ថិតនៅក្នុងភាពអាសន្ន រយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីយប់ថ្ងៃចន្ទ ដោយសារតែវិបត្តិនយោបាយ, នេះបើតាមស្ថានកុងស៊ុល ស្ថិតនៅក្រោមក្រសួងការបរទេសវៀតណាម បានព្រមានករណីនេះ ហើយត្រូវបានចុះផ្សាយដោយភ្នាក់ងារសារព័ត៌មាន ស៊ិនហួ បានឲ្យដឹងនៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
អ្នកដែលកំពុងធ្វើដំណើរកម្សាន្ត, កំពុងសិក្សា ឬបំពេញការងារ នៅម៉ាល់ឌីវ គួរតែជៀសវាង នៅកន្លែងមានមនុស្សច្រើនកុះករ និងតំបន់ដែលងាយរងគ្រោះនៅក្នុងប្រទេសមួយនេះ។ ពលរដ្ឋវៀតណាម អាចធ្វើដំណើរទៅកាន់ម៉ាល់ឌីវបាន បន្ទាប់ពីរដ្ឋាភិបាលប្រកាសបញ្ចប់នូវការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន។
គួរជម្រាបថា ប្រទេសម៉ាល់ឌីវ បាននឹងកំពុងប្រឈមមុខនឹងភាពចលាចល បន្ទាប់ពីតុលាការកំពូលរបស់ខ្លួន បានចេញនូវសេចក្តីសម្រេចកាលពីសប្តាហ៍មុន ឲ្យមានការដោះលែង ក្រុមមេដឹកនាំនយោបាយមកពីបក្សប្រឆាំង ក្នុងនោះរួមទាំងអតីតប្រធានាធិបតី លោក Mohamed Nasheed និងអតីតអនុប្រធានាធិបតី លោក Ahmed Adeeb ផងដែរ៕