(ឡុងដ៍)៖ តុលាការនៅថ្ងៃអង្គារនេះ បានប្រកាសសម្រេចរក្សាទុកជាបានការដដែលនូវដីកាតាមចាប់ខ្លួនស្ថាបនិកគេហទំព័រ Wikileaks លោក Julian Assange ដែលនេះមានន័យថា ជាការបដិសេធមិនឱ្យលោកចាកចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅយប់ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Julian Assange មានអាយុ៤៦ឆ្នាំ បានរត់គេចខ្លួនទៅជ្រកកោន ក្នុងស្ថានទូតអេក្វាឌ័រប្រចាំទីក្រុងឡុងដ៍កាលពីឆ្នាំ២០១២ ដើម្បីជៀសវាងការធ្វើបត្យាប័នត្រឡប់ទៅ ប្រទេសស៊ុយអែតវិញ ជាទីដែលលោកត្រូវបានគេចោទប្រកាន់ពីបទរំលោភផ្លូវភេទ។ តែយ៉ាងណាក៏ដោយរដ្ឋអាជ្ញាស៊ុយអែត បានបោះបង់ចោលការចោទប្រកាន់នេះហើយ។ ដោយឡែក ជុំវិញការសម្រេចចិត្តរបស់ចៅក្រមអង់គ្លេស គឺមានន័យថា ស្ថាបនិក Wikileaks រូបនេះមិនអាចចាកចេញពីស្ថានអេក្វាឌ័របានឡើយ ហើយអាចនឹងប្រឈមមុខនឹងការចាប់ខ្លួនសម្រាប់បទ ចោទរំលោភលើលក្ខខណ្ឌធានារបស់លោកនៅអង់គ្លេស។
គួរបញ្ជាក់ថា លោក Julian Assange បានទទួលសិទ្ធិជាពលរដ្ឋអេក្វាឌ័រកាលពីខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែអាជ្ញាធរអង់គ្លេសបានបដិសេធមិនទទួលស្គាល់នោះទេ៕