(សេអ៊ូល)៖ នាវាមួយគ្រឿង ផ្ទុកដោយក្រុមតន្ត្រីករ, អ្នកចម្រៀង និងក្រុមអ្នករាំ របស់កូរ៉េខាងជើង បានធ្វើដំណើរទៅដល់ ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃអង្គានេះ ដើម្បីចូលរួមសម្តែង នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នាទីក្រុង Pyeongchang, នេះបើយោងតាម ភ្នាក់ងារសារព័ត៌មាន AP ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ការមកដល់តាមរយៈ នាវា Mangyongbong 92 ត្រូវបានទទួលស្វាគមន៍ ដោយក្រុមអ្នកយកព័ត៌មាន និងអ្នកថតរូបជាច្រើន ហើយក៏មាន ក្រុមអ្នកតវ៉ាតូចមួយក្រុម ដោយប្រជាជនកូរ៉េខាងត្បូង ដោយពួកគេប្រឆាំងនឹង កិច្ចព្រមព្រៀងចុងក្រោយនេះ ដែលអនុញ្ញាតឲ្យកូរ៉េខាងជើង ចូលរួមក្នុងព្រឹត្តិការណ៍កីឡា ដែលនឹងបើកជាផ្លូវការ នៅថ្ងៃសុក្រសប្តាហ៍នេះ។
នាវាបានផ្ទុកដោយសមាជិកក្រុមតន្ត្រី Samjiyon Band មានទាំងអ្នកច្រៀង និងក្រុមអ្នករាំ ដែលដឹកនាំដោយ តារាចម្រៀងល្បីល្បាញមួយរូប របស់កូរ៉េខាងជើង ដែលមានឈ្មោះថា Hyon Song Wol។
នាវានេះ នឹងត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅ សម្រាប់ក្រុមតន្ត្រីករទាំងនេះ មុនពេលដែលពួកគេ ធ្វើដំណើរទៅសម្តែង នៅរដ្ឋធានី Seoul នាថ្ងៃអាទិត្យ។
ប្រតិភូរបស់កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងមានចំនួនរាប់រយនាក់ ក្នុងនោះរួមមានប្រមាណ២២នាក់ ជាក្រុមអត្តពលិក, ក្រុមមន្ត្រី, ១៤០រូប ជាសមាជិកក្រុមតន្ត្រី Samjiyon Band, ក្រុមសម្តែងតៃក្វាន់ដូមួយក្រុម និងក្រុមស្ត្រីជាអ្នកលើកទឹកចិត្ត ដែលតែងតែទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាញទូរទស្សន៍ជប៉ុន និងកូរ៉េខាងត្បូង។
ភរិយារបស់លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី Ri Sol Ju ក៏ស្ថិតនៅក្នុងក្រុមលើកទឹកចិត្ត ដែលធ្លាប់បានធ្វើដំណើរ ទៅកាន់កូរ៉េខាងត្បូង កាលពីអំឡុងព្រឹត្តិការណ៍ Asian Athletics Championships ដែលធ្វើឡើងនាទីក្រុង Incheon របស់កូរ៉េខាងត្បូង កាលពីឆ្នាំ២០០៥ផងដែរ។
នាវា Mangyongbong 92 ក៏ធ្លាប់បានដឹកនាំយក ក្រុមអ្នកគាំទ្រកូរ៉េខាងជើង រាប់រយនាក់ ទៅកាន់កំពង់ផែទីក្រុង Busan របស់កូរ៉េខាងត្បូង កាលពីឆ្នាំ២០០២ផងដែរ៕