(តូក្យូ)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថាមិនច្រានចោលឡើយពីលទ្ធភាពជួបជាមួយក្រុមមន្ត្រី កូរ៉េខាងជើងនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅមុនពេលបំពេញដំណើរទស្សនកិច្ចរយៈពេល០៦ថ្ងៃមកកាន់តំបន់អាស៊ី លោក Mike Pence បានគូសបញ្ជាក់ដូច្នេះថា៖« លោកប្រធានាធិបតី ត្រាំ តែងតែជឿជាក់ជានិច្ចលើកិច្ចចរចា តែខ្ញុំមិនបានស្នើឱ្យមានកិច្ចប្រជុំណាមួយនោះទេ ហើយយើងនឹងបាន ឃើញថាអ្វីនឹងកើតឡើង»។ លោក Pence បន្ថែមទៀតថា បើសិនជាលោកជួបជាមួយមន្ត្រីកូរ៉េខាងជើង នោះវានឹងត្រូវធ្វើ សាធារណៈហើយថាវាអាចកើតឡើងលុះត្រាតែកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាមុនសិន។
គួរបញ្ជាក់ថា លោក Mike Pence បានមកដល់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ ជាទីដែលលោកត្រូវជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងកងទ័ពអាមេរិក៕