(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រទេសចិន បានប្រកាសពីជោគជ័យ នៃការធ្វើតេស្តប្រព័ន្ធស្ទាប់ចាប់មីស៊ីលមួយផ្សេងទៀតតែបានអះអាងថាវាគ្រាន់ជាការ ត្រៀមការពារខ្លួនប៉ុណ្ណោះ គឺគ្មានគោលដៅទៅលើប្រទេសណាផ្សេងឡើយ៕
២៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៃកោះតៃវ៉ាន់ បានធ្លាក់ចូលទៅក្នុងសមុទ្រ ហើយបាត់ដំណឹងតែម្តងកាលពីយប់ថ្ងៃចន្ទ ដោយក្នុងនោះមានដឹកមនុស្សចំនួន ០៦នាក់ ហើយរហូតមកទល់នឹងព្រឹកថ្ងៃអង្គារនេះ ក្រុមសង្គ្រោះនៅតែកំពុងបន្តប្រតិបត្តិការ ស្វែងរកដដែល៕
៣៖ យន្តហោះកូរ៉េខាងត្បូងមួយគ្រឿង ដែលកំពុងចូលរួមព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍ Singapore Airshow នៅប្រទេស សិង្ហបុរី បានក្រឡាច់ធ្លាក់ចេញពីផ្លូវ រួចក៏ឆាបឆេះឡើងនៅថ្ងៃអង្គារនេះ៕
៤៖ អ្នកវិទ្យាសាស្រ្តជនជាតិចិនពីរក្រុមបានផ្តើមការសិក្សាទៅលើពូជសត្វពីងពាងដ៏ចម្លែកមួយ មានដុះកន្ទុយយ៉ាងវែងដែលត្រូវ បានរកឃើញក្នុងផ្ទាំងហ្វូស៊ីល មានចំណាស់យ៉ាងតិច ១០០លានឆ្នាំ៕
៥៖ ក្រុមហ៊ុន Anglo-Eastern មានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាក្រុមចោរសមុទ្របានដោះលែង ក្រុមនាវិកឥណ្ឌា ២២នាក់ រួមទាំងនាវាដឹកប្រេងជាង ១៣,៥០០តោន ត្រឡប់មកវិញហើយ៕
៦៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឱ្យដឹងថា យោធាឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោង មានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ Agni-I (A) ចេញពីកោះ Abdul Kalam ស្ថិតនៅរដ្ឋ Odisha ភាគខាងកើតប្រទេស នៅថ្ងៃអង្គារនេះ៕