(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជាបានឆ្លៀតឱកាសចោទប្រកាន់ ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យថា បានបង្ហាញឥរិយាបថក្បត់ និងមិនស្រឡាញ់ជាតិនោះឡើយ ដោយសារតែបានជ្រើសមិនទះដៃ សាទរចំពោះរូបលោកនៅអំឡុងពេលដែលប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងសារនៅក្នុងសភា (State of the Union) ជាលើកដំបូងកាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានអង់គ្លេស Independent នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅឯទីក្រុង Blue Ash នៃរដ្ឋ Ohio លោក ដូណាល់ ត្រាំ បានលើកឡើងថា ក្រុមមន្រ្តីនៃគណបក្សប្រជាធិបតេយ្យ មិនបានបង្ហាញភាពស្វាហាប់អ្វីបន្តិចសោះ ក្នុងអំឡុងការថ្លែងសុន្ទរកថា State of the Union ដោយមិនទះសូម្បីតែដៃខ្លួន នៅពេលលឺសូរដំណឹងដ៏ល្អ ពីវិស័យសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លោក ត្រាំ បានហៅទង្វើនេះថា គឺមិនសមជាពលរដ្ឋអាមេរិកទាល់តែសោះ ហើយថែមទាំងបានព្រលយពាក្យថា លោកនឹងចាត់ទុកវាជា អាកប្បកិរិយាក្បត់ជាតិទៀតផង។
គួរជម្រាបថា កាលពីសប្តាហ៍មុន ក្នុងអំឡុងការថ្លែងសារ State of the Union ជាលើកទីមួយរបស់ លោក ដូណាល់ ត្រាំ គិតចាប់តាំងតែពីបានឡើងកាន់អំណាចជាមេដឹកនាំអាមេរិកមក ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យភាគច្រើន បានបង្ហាញទឹកមុខមិនសប្បាយចិត្តប៉ុន្មាននោះឡើយ ជាពិសេសនៅពេលដែល លោក ត្រាំ បាននិយាយដណ្តើមយកមុខមាត់ ពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចអាមេរិក ដោយមានអ្នកខ្លះអង្គុយចុចទូរស័ព្ទ និងអ្នកខ្លះទៀតបានសម្រេចមិនមកចូលរួមតែម្តង។ យ៉ាងណាមិញ ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យមួយចំនួន ក៏បានផ្តល់សំឡេងទះដៃផងដែរ នៅពេលពេលដែលពួកគេយល់ថា វាជាកាលៈទេសៈសមរម្យត្រឹមត្រូវ៕