(រ៉ូម)៖ ប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្កាន់ (Recep Tayyip Erdoğan) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជួបសំណេះសំណាលជាមួយសម្ដច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ស្របពេលប៉ូលិសអ៊ីតាលី បានដាក់បម្រាមលើការតវ៉ានៅក្នុងក្រុងរ៉ូម ដោយខ្លាចក្រែងមានការតវ៉ា ជំទាស់នឹងប្រតិបត្តិការយោធាតួកគី ប្រឆាំងសកម្មប្រយុទ្ធឃើដនៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មានបារាំង AFP នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨
ប៉ូលិសអ៊ីតាលីបានដាក់បម្រាមមិនឱ្យធ្វើបាតុកម្ម រយៈពេល ២៤ម៉ោង គិតចាប់ពីការមកដល់របស់ Erdoğan កាលពីថ្ងៃអាទិត្យ រហូតដល់លោកចាកចេញ កាលពីល្ងាចថ្ងៃចន្ទ ក្នុងដំណើរទស្សនកិច្ចលើកដំបូង ក្នុងនាមជាមេដឹកនាំតួកគីនារយៈពេល ៥៩ឆ្នាំ មកនេះមកកាន់បុរីវ៉ាទីកង់។ កាលពីថ្ងៃទី ២០ ខែមករា ប្រទេសតួកគីបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ឃើដស៊ីរី (YPG) ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ា មើលឃើញថា មានសម្ព័ន្ធភាពជាមួយគណៈបក្សពលករឃើដ PKK ដែលជាអង្គការភេរវករមួយ នៅក្នុងកែវភ្នែកតួកគី។
គួរបញ្ជាក់ថា នៅក្នុងជំនួបនោះដែរ សម្ដេចប៉ាបដែលបានប្រឆាំងនឹងភាពភ័យរន្ធត់នៃសង្រ្គាម និងអាវុធបំផ្លិចបំផ្លាញលោក បានប្រទានឱ្យលោក Erdoğan នូវមេដាយមួយជានិមិត្តរូបនៃសន្តិភាព និងយុត្តិធម៌ ឬគឺស្គាល់ថា ទេវតាកម្ចាត់បិសាចសង្រ្គាម។ តែយ៉ាងណាមិញ លោក Erdoğan ធ្លាប់បានស្តីបន្តោសលោក Gulen ក្នុងការជួបជាមួយនឹងសម្ដេចប៉ាប ដែលមិនមែនជាអ្នកកាន់សាសនាអ៊ីស្លាម ប៉ុន្តែឥឡូវនេះបែជា លោក Erdoğan ខ្លួនឯងទៅជួបជាមួយសម្ដេចប៉ាប ហើយថែមទាំងទទួលបាននូវ មេដាយសន្តិភាព និងយុត្តិធម៌ទៀត៕