(សិង្ហបុរី)៖ យន្តហោះកូរ៉េខាងត្បូងមួយគ្រឿង ដែលកំពុងចូលរួមព្រឹត្តិការណ៍ពិព័រណ៍អាកាសចរណ៍ Singapore Airshow នៅប្រទេសសិង្ហបុរី បានក្រឡាច់ធ្លាក់ចេញពីផ្លូវ រួចក៏ឆាបឆេះឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានដឹងថា កាលពីវេលាម៉ោង ១២៖២៤នាទី រសៀលថ្ងៃអង្គារនេះ យន្តហោះមួយគ្រឿងមកពីក្រុមយន្តហោះសម្តែង Black Eagle នៃកងទ័ពអាកាសកូរ៉េខាងត្បូង បានរអិលចេញពីផ្លូវហោះឡើង និងចុះចត ហើយបុកចំវាលស្មៅនៅចំហៀងខាងឆ្វេង នៅក្នុងអាកាសយានដ្ឋាន Changi និងបង្កើតបានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្តង។
គួរជម្រាបថា ឧបទ្ទវហេតុនេះបានកើតឡើង ចំពេលដែលយន្តហោះខាងលើ ធ្វើការត្រៀមរៀបចំនឹងហោះចាកចេញ ដើម្បីសម្តែងនៅលើផ្ទៃអាកាស ក្នុងព្រឹត្តិការណ៍ Singapore Airshow។ អាកាសយានិករបស់យន្តហោះ បានទទួលរងរបួសស្រាល និងកំពុងទទួលការព្យាបាលបន្ត ដោយសារតែអគ្គីភ័យបានប្រមូលផ្តុំតែនៅ ផ្នែកខាងក្រោយរបស់យន្តហោះ ហើយរថយន្តពន្លត់អគ្គីភ័យបានរួសរាន់ទៅកាន់កន្លែងកើតហេតុទាន់ពេល៕