(អេក្វាឌ័រ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអេក្វាឌ័រ ផ្អែកលើការរាប់សន្លឹកឆ្នោតបាន ៩៨ភាគរយ បានប្រកាសថា ក្រុមអ្នកគាំទ្រឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់អាណត្តិប្រធានាធិបតី បានទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃអាទិត្យ។ ការបោះឆ្នោតនេះ មានគោលបំណងកំណត់អាណត្តិប្រធានាធិបតី ត្រឹមពីរអាណត្តិ ហើយដែលនេះនឹងរារាំងមិនឱ្យអតីតប្រធានាធិបតី លោក រ៉ាហ្វាអ៊ែល ខ័ររៀ (Rafael Correa) ចូលរួមក្នុងការបោះឆ្នោតជាថ្មីម្ដងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ការបោះឆ្នោតប្រជាមតិខាងលើ ដែលធ្វើឡើងតាមការអំពាវនាវ របស់ប្រធានាធិបតីអេក្វាឌ័របច្ចុប្បន្ន លោក ឡេនីន ម៉ូរ៉េណូ (Lenin Moreno) ត្រូវបានគេមើលឃើញថា មានគោលបំណងទប់ស្កាត់មហិច្ឆតា និងការប្រកួតប្រជែងក្នុងការបោះឆ្នោតសាជាថ្មី របស់អតីតប្រធានាធិបតីអេក្វាឌ័រ លោក រ៉ាហ្វាអែល ខូររៀ (Rafael Correa)។
«ការកំណត់អាណត្តិប្រធានាធិបតី គឺជារឿងចាំបាច់សំដៅធានាឱ្យបានគោលការណ៍ផ្លាស់ប្ដូរនៃចលនានយោបាយផ្សេងៗពីគ្នា»។ នេះជាការលើកឡើងរបស់ លោក ម៉ូរ៉េណូ។ យ៉ាងណាមិញ ដូចការចង់បានរបស់លោក ម៉ូរ៉េណូ ប្រជាជនអេក្វាឌ័រជាង ១៣លាននាក់ បានបោះឆ្នោតគាំទ្រលើការ ធ្វើកំណែទម្រង់ ០៧ចំណុច ក្នុងនោះរួមមានការវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ០៥ចំណុច និងពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ ០២ចំណុច។
គួរបញ្ជាក់ថា ផ្អែកលើលទ្ធផលនៃការបោះឆ្នោតប្រជាមតិនេះ គឺមានន័យថា រដ្ឋធម្មនុញ្ញនឹងត្រូវបានធ្វើវិសោធនកម្ម រីឯអ្នកដែល ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ មិនអាចចូលរួមក្នុងជីវិតនយោបាយ ហើយប្រធានាធិបតីអាចកាន់អំណាចត្រឹម ០២អាណត្តិ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីលោក ម៉ូរ៉េណូ ក៏បានអះអាងដែរថា សភានឹងបើកកិច្ចប្រជុំលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នៅ ៣០ថ្ងៃបន្ទាប់៕