(ស៊ីដនី)៖ របាយការណ៍សិក្សាថ្មីមួយ ដែលចេញផ្សាយនៅក្នុងប្រទេសអូស្រ្តាលី នាថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានអំពីការបង្កគ្រោះថ្នាក់នៃកម្ទេចកម្ទីរសម្រាមប្លាស្ទិក ចំពោះពពួកសត្វសមុទ្ររួមមានបបែល និងត្រីបាឡែន។ នេះបើតាមការដកស្រង់ការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ដឹកនាំដោយសាកលវិទ្យាល័យ Murdoch ក្នុងប្រទេសអូស្រ្តាលី ក្រោមការសហការជាមួយមូលនិធិ Marine Megafauna នៅឥណ្ឌូណេស៊ី បានធ្វើការស្រាវជ្រាវទៅលើរបៀបដែលសារធាតុគីមីពុល ដែលត្រូវបានរកឃើញ នៅក្នុងវត្ថុប្លាស្ទិក អាចប្រមូលផ្តុំវត្តមាននៅក្នុងពពួកសត្វសមុទ្រខាងលើ អស់រយៈពេលរាប់ទសវត្សរ៍ រហូតអាចបណ្តាលឲ្យមានហានិភ័យធ្ងន់ធ្ងរ ដែលអាចឈានដល់ការលែងលូតលាស់ ការផ្លាស់ប្តូរចំពោះការអភិវឌ្ឍខ្លួន និងបញ្ហាផ្នែកបន្តពូជរបស់ពួកវាជាដើម។
ក្រុមស្រាវជ្រាវខាងលើក៏បានរកឃើញផងដែរថា ពពួកសមុទ្រ ហាក់ដូចជាមានទំនោរទៅប្រមូលផ្តុំ នៅតាមតំបន់ដែលជាចំណុចសម្បូរទៅដោយការបំពុលភាគល្អិតប្លាស្ទិកថែមទៀត ដែលរួមមានឈូងសមុទ្រម៉ិចស៊ីកូ, សមុទ្រមេឌីរ៉ាណេ, ឈូងសមុទ្របេងហ្គាល់, និងតំបន់ Coral Triangle នៅអាស៊ីអាគ្នេយ៍ជាដើម។
គួរជម្រាបថា ខណៈផលិតកម្មនៃសារធាតុប្លាស្ទិក ត្រូវគេព្យាករណ៍ថា នឹងកើនឡើងខ្លាំងជាសាកលតែម្តងនោះ ការបង្កើតកម្មវិធីឃ្លាំមើលរយៈពេលវែង គឺត្រូវការចាំបាច់ជាខ្លាំង នៅក្នុងកន្លែងរុករកចំណីអាហារនៃសត្វសមុទ្រយក្សទាំងនេះ ដើម្បីអាចឲ្យក្រុមអ្នកវិទ្យាសាស្រ្ត ក៏ជាអ្នកអភិរក្សធនធានសមុទ្រ ធ្វើការតាមដានកម្រិតជាតិពុលនៅក្នុងខ្លួន ពពួកសត្វទាំងអស់នេះ ក្នុងអំឡុងពេលណាមួយ៕