(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឱ្យដឹងថា យោធាឥណ្ឌាបានបាញ់សាកល្បងមីស៊ីលផ្លោង មានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ Agni-I (A) ចេញពីកោះ Abdul Kalam ស្ថិតនៅរដ្ឋ Odisha ភាគខាងកើតប្រទេស នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មីស៊ីលផ្លោងជាផលិតផលនៅក្នុងស្រុក ត្រូវបានធ្វើតេស្ដនៅម៉ោង ៨៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ហើយការធ្វើតេស្ដនេះទៀតសោត ត្រូវបានដឹកនាំដោយ ទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌា។ «វាគឺជាជំនាន់ ទី១៨ នៃ Agni-I ដោយអាចបាញ់ចំគោលដៅ ដែលត្រូវបានកំណត់»។ នេះបើតាមការលើកឡើងរបស់យោធាឥណ្ឌា ដោយបញ្ជាក់ទៀតថា មីស៊ីលប្រភេទនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០០៤។
គួរបញ្ជាក់ថា ការប្រកាសរបស់ឥណ្ឌាខាងលើនេះ បានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចិនចេញផ្សាយថា យោធាចិនទើបតែបានទទួលជោគជ័យ លើការធ្វើតេស្តប្រព័ន្ធស្ទាក់ចាប់មីស៊ីលប្រភេទថ្មី ដែលមានគោលដៅត្រៀមការពារខ្លួនប៉ុណ្ណោះ មិនមែនដើម្បីទុកគំរាមកំហែងប្រទេសណាមួយនោះឡើយ៕